(កំពង់ចាម)៖ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា ប៉ាក់ណាមមួយខ្នង ក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម និងជាទីប្រឹក្សាក្រសួងព័ត៌មាន តំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អាគារសិក្សា គឺជាឃ្លាំងចំណេះដឹងយ៉ាងសំខាន់ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងសម័យបច្ចេកវិទ្យាទំនើបដូចពេលបច្ចុប្បន្ននេះ។
លោក ជា ក្រូច បន្តថា បច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន សម្ភារប្រើប្រាស់ សុទ្ធតែទំនើប ដែលទាំងនោះអាចជួយសម្រួលកិច្ចការបានយ៉ាងច្រើន។
ទន្ទឹមនឹងនេះដែរ ស្របជាមួយស្ថានការណ៍ពិភពលោក កំពុងមានការរីកចំរើនទៅមុខឥតឈប់ឈរនេះ លោក ខៀវ កាញារីទ្ធ និងលោកស្រី បានឧបត្ថម្ភថវិកា សាងសង់អគារសិក្សា បឋមសិក្សាប៉ាក់ណាម ១ខ្នង មាន ៣បន្ទប់ សម្រាប់ផ្ដល់ជូន ប្អូនៗ ក្មួយៗ សិស្សានុសិស្ស បានរៀនសូត្រ ដើម្បីស្រូបចំណេះដឹងឲ្យបានខ្ពង់ខ្ពស់ អាចបង្កើនសមត្ថភាពរបស់ខ្លួន ឈានទៅកាន់កិច្ចការសំខាន់ៗ សម្រាប់អនាគតរបស់ខ្លួនផង និងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។
លោក ជា ក្រូច បានបញ្ជាក់ថា អគារបឋមសិក្សា១ខ្នង មាន ៣បន្ទប់នេះ ជាអំណោយផ្ទាល់របស់លោក ខៀវ កាញារីទ្ធ និងលោកស្រី ហើយអគារសិក្សានេះផងដែរ អាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល ២ខែទៀត៕