(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះឆ្មក់បង្រ្កាបទីតាំដាំកញ្ឆាមួយកន្លែង នៅជ្រលងភ្នំបាយ៉ងកោ ដោយបានរឹបអូសកញ្ឆាក្រៀមទម្ងន់ជិត ១០០គីឡូក្រាម និងបានបំផ្លាញដើមកញ្ឆាមួយចំនួន។
ការចុះចាប់កញ្ឆានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នៅចំណុចជ្រោះកញ្រ្ចែងលើខ្នងភ្នំបាយ៉ង់កោ ភូមិឈើទាលភ្លោះ ឃុំស្រែអំពក ស្រុកគីរីវង់។
លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្លាំងអាវុធហត្ថរបស់លោក បានចុះបង្រ្កាបនៅទីតាំងដាំកញ្ឆានៅតំបន់ខាងលើ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តតាកែវ និងបានធ្វើការរឹបអូសកញ្ឆាក្រៀមចំនួន ១៥ការ៉ុង ទំងន់ ៩៨គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឹម ណា អាយុ២៨ឆ្នាំ និងរថយន្ត ហាយលែនឌ័រពណ៌សមួយគ្រឿង ជាមួយការបំផ្លាញដើមកញ្ឆាបានចំនួនជាង ៤ពាន់ដើមផងដែរ។
លោកឧត្តមសេនីយ៏ ឡា ឡៃ បានបន្តថា បច្ចុប្បន្នកម្លាំងរបស់លោកកំពុងតែកសាងសំណុំរឿងបញ្ចូនជនសង្ស័យ រួមនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់។
គួរបញ្ជាក់ថា តំបន់ភ្នំបាយ៉ង់កោ ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់នៅប្រទេសវៀតណាម ដោយកញ្ឆាក្រៀម ១គីឡូលក់បានក្នុងតម្លៃប្រមាណ ៥០០ដុល្លារ៕