(ភ្នំពេញ)៖ «ទិវាអនាម័យបរិស្ថានជាតិ» សម្រាប់ឆ្នាំ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ត្រូវបានប្រារព្ធឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែវិច្ឆិកានេះដោយ កន្លែងប្រារព្ធទិវានេះ នៅតាមរាជធានីខេត្តមានការចូលរួមពីសាធារណជនយ៉ាងច្រើនកុះករ។
នេះគឺជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ពីទឹកដីខេត្តរតនគិរី ជាទីដែលលោកនិងមន្ត្រីរាជការ នៃក្រសួងបរិស្ថានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាមួយនឹងលោក ថង សាវុន អភិបាលខេត្តរតនគិរី, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សជាង ១០០០នាក់។
លោក នេត្រ ភក្ត្រា បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ តម្រូវឱ្យប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំា ដើម្បីបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិសិក្សា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ទាំងស្មារតី និងសម្ភារក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានបរិស្ថានល្អ មានភាពបៃតង មានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ធនធានធម្មជាតិនិងជីវៈចម្រុះត្រូវបានការពារ ហើយគុណភាព និងនិរន្តរភាពបរិស្ថានត្រូវបានធានា។
លោករដ្ឋលេខាធិការ បានលើកឡើងថាដើម្បីធានាបានគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ យើងទាំងអស់គ្នា ចាំបាច់ត្រូវយកចិត្តទុក ដាក់លើកកម្ពស់ គ្រប់គ្រងសំណល់សំរាម ឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជាសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ បានដូចជាក្រដាស់ ឬប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួន ឱ្យមានតម្លៃផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលានចាក់សំរាម។
បរិមាណសំរាម សំណល់ទីប្រជុំជនដែលបានបង្កើតឡើងគឺជាង ១ម៉ឺនតោន នៅក្នុងមួយថ្ងៃ និងបរិមាណសំរាម ដែលកម្ពុជាបង្កើតមានប្រមាណជិត ៤លានតោនក្នុងមួយឆ្នាំ ដែលក្នុងនោះ ៦០% ជាសំណល់សររីរាង្គ ២០% នៃសំណល់សំរាមនេះ គឺជាសំណល់ថង់ប្លាស្ទិក ៩% ជាសំណល់ក្រដាស់ និងនៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងទៀត។
លោក នេត្រ ភក្ត្រា បានថ្លែងថា កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ឆ្នាំ និងការអភិវឌ្ឍប្រទេស បានជំរុញឱ្យប្រជាជនកម្ពុជាមានការគិតគូរខ្ពស់ជាងមុន ហើយជាពិសេសការគូរពីការរស់នៅឱ្យបានល្អជាងមុន ហើយបានផ្លាស់ប្តូរទម្លាប់ប្រែក្លាយសង្គមជាតិ ងាកមករកការគិតលើការថែរក្សាអនាម័យ លើសុខភាព គឺជាពិសេសចំពោះបរិស្ថាននៅកម្ពុជា។ ក្នុងនាមក្រសួងបរិស្ថាន លោកសូមលើកទឹកចិត្តបន្ថែមទៀតឱ្យមានការគិតគូពីការធ្វើអនាម័យនៅតាមគេហដ្ឋាន តាមទីសាធារណឱ្យបានខ្ជាប់ខ្ជួន ចូលរួមប្រើប្រាស់សម្ភារដែលផលិតបានក្នុងស្រុក ដែលអាចជួយកាត់បន្ថយបានការនាំចូល និងកាត់បន្ថយការបំពុលបរិស្ថាន ដូចជាការប្រើប្រាស់វត្ថុប្លាស្ទិក ឬចំណីអាហារ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។
តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថានបានធ្វើការងារផ្សព្វផ្សាយអំពីបរិស្ថាននេះ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយចុះផ្ទាល់និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ជាលទ្ធផល ពលរដ្ឋមានការយល់ដឹងកាន់តែច្រើនអំពីបរិស្ថាន មានការចូលរួមកាន់តែច្រើន ក្នុងសម្អាតអនាម័យបរិស្ថាន និងមានការតាំងចិត្តខ្ពស់ក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។
លោកបានថ្លែងថា៖ «ដើម្បីធ្វើឱ្យកម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ សូមបងប្រជាពលរដ្ឋចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលកំពុងរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្ម ជាផ្ទះរបស់យើងទាំងអស់គ្នា និងចាំបាច់ត្រូវតែសម្អាតអនាម័យជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកកម្ពស់សុខុមាលភាពសាធារណៈ»។
លោករដ្ឋលេខាធិការ បានបន្តថា ការជួបជុំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកានេះក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងគោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឱ្យចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន។ ទិវាអនាម័យបរិស្ថានជាតិនេះ បាននិងកំពុងតែក្លាយជាចលករ ដែលជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ទីប្រជុំជន និងរាជធានី-ខេត្តទូទាំងប្រទេស។
ទិវាអនាម័យបរិស្ថានជាតិនេះនឹងចលនាកម្លាំងគ្រប់មជ្ឈដ្ឋានឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមធ្វើការសំអាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវនិងដាំដើមឈើ ដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដាយផាសុកភាព។ ទន្ទឹមនឹងនេះផងដែរ ការប្រាព្ធទិវាអនាម័យបរិស្ថាននេះ នឹងចូលរួមផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយារបស់មនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ទិវាអនាម័យបរិស្ថានជាតិមានតែមួយថ្ងៃក៏ពិតមែន ប៉ុន្តែយើងត្រូវអនុវត្តប្រតិបត្តិមេត្រីភាព បរិស្ថានជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបរិស្ថានស្អាត និងការពារភពផែនដីរបស់យើង ព្រមទាំងប្រែក្លាយចំណេះដឹងបរិស្ថាន ឱ្យទៅជាការប្រតិបត្តិបរិស្ថានល្អ។ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី បរិស្ថានឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ឋភាព យើងត្រូវធ្វើគ្រប់មធ្យោបាយ និង គ្រប់រូបភាព សំដៅកែប្រែទាំងផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ជាពិសេសកែប្រែពីការឈរមើលនិងការរិះគន់ មកជាការចូលរួមដោយស្មារតីភ្ញាក់រឭក ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ការអភិវឌ្ឍ និងរស់នៅដោយចីរភាពវិញ»៕