(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) បានសហការជាមួយស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រៀបចំ «មហោស្រពវប្បធម៌កូរ៉េ លើកទី៣» ប្រចាំឆ្នាំ២០១៩ រយៈពេល ២ថ្ងៃ (ថ្ងៃទី២៣-២៤ ខែវិច្ឆិកា) ដែលចាប់ផ្ដើមពីម៉ោង០៧៖៣០ព្រឹក ដល់ម៉ោង០៧៖០០ល្ងាច នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
មហោស្រពវប្បធម៌កូរ៉េ លើកទី៣ ប្រចាំឆ្នាំ២០១៩នេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីពាំនាំនូវទស្សនីយភាពនានា និងចែករំលែកបទពិសោធន៍ល្អៗ ភាពសប្បាយរីករាយជូនដល់ អ្នកចូលរួមទាំងអស់។
ថ្លែងក្នុងពិធីនោះលោក គីម ជី មីន ភារធារីស្តីទី នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីមហោស្រពវប្បធម៌កូរ៉េ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦រៀងមក នៅក្នុងឆ្នាំនេះ ក៏បានប្រារព្ធកម្មវិធីនេះឡើងជាលើកទី៣ ហើយលោកមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយកម្មវិធីមហោស្រពវប្បធម៌នេះ ទទួលបាននូវឈ្មោះដ៏ស្រស់ស្អាតហៅថា ណាដឺលរី (Nadri)។
លោកបន្ដថា ពាក្យថា ណាដឺលរី នៅក្នុងភាសាកូរ៉េមានន័យថា ការធ្វើដំណើរកំសាន្ត និងដើរលេងជាមួយគ្រួសារ ឬមិត្តភក្តិ ដែលពាក្យនេះ ផ្តល់ឲ្យយើងនូវអារម្មណ៍កក់ក្តៅ និងស្និទ្ធស្នាល ហើយលោកសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងទទួលបាននូវបទពិសោធន៍នៃអារម្មណ៍រីករាយទាំងនោះ តាមរយៈការចូលរួមរីករាយជាមួយ នឹងកម្មវិធីមហោស្រពនាឱកាសនេះ។
ជាមួយគ្នានោះ លោក គីម ជី មីន ក៏សូមសំណូមពរ ដល់មជ្ឈមណ្ឌល CKCC និងប្រជាជនកូរ៉េទាំងអស់ មេត្តាបន្តការយកចិត្តទុកដាក់ និងចូលរួមសហការគ្នា ដើម្បីជួយញ៉ាំងឲ្យកម្មវិធីនេះ ប្រែក្លាយទៅជាកម្មវិធីមហោស្រពវប្បធម៌កូរ៉េ ដែលតំណាងឲ្យប្រទេសកូរ៉េ។
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា នេះជាលើកទី៣ហើយ ដែលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ បានរៀបចំនូវកម្មវិធីនេះឡើង នៅក្នុងគោលបំណង បង្ហាញពីភាពសម្បូរបែបនៃវប្បធម៌កូរ៉េ និងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗពីវប្បធម៌បុរាណ និងវប្បធម៌ទំនើបរបស់ប្រជាជនកូរ៉េ ជូនដល់សិស្សានុសិស្ស និងសាធារណៈជនទូទៅ។
លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់ថា នៅក្នុងរយៈពេល២ថ្ងៃ នៃមហោស្រពវប្បធម៌កូរ៉េនេះ ប្អូនៗនឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជា៖ ការសម្តែងសិល្បៈ និងតន្ត្រីបុរាណ ការសម្តែងតេក្វាន់ដូនិងគុនល្បុក្កតោ ល្បែងប្រជាប្រិយកូរ៉េ ការបង្រៀននិងប្រកួតធ្វើម្ហូបកូរ៉េ (K-food) ការផាត់មុខបែបកូរ៉េ (K-beauty) ការប្រគុំតន្ត្រី (K-pop) ជាដើម។
លោកបន្ដទៀតថា លើសពីនេះទៅទៀត មជ្ឈមណ្ឌល ក៏បានរៀបចំការតាំងផលិតផល និងម្ហូបកូរ៉េ ព្រមទាំងកន្លែងសម្រាប់ថតរូបជាច្រើនកន្លែងទៀតផង។ លោកសង្ឃឹមថា ប្អូនៗនឹងបានសប្បាយរីករាយជាមួយ នឹងកម្មវិធីជាច្រើន នៅក្នុងមហោស្រពនេះ៕