(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុម ការងារថ្នាក់កណ្ដាលចុះជួយស្រុកបរសេដ្ឋ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ។
នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងថា យើងត្រូវខិតខំធ្វើការងារ បម្រើប្រជាពលរដ្ឋ ដើម្បីដណ្ដើមយក ការស្រឡាញ់ ការគាំទ្រ និងសន្លឹកឆ្នោតឱ្យបានច្រើន ជួយគណបក្សប្រជាជនកម្ពុជាយើងឈ្នះ ក្នុងការបោះឆ្នោត និងបន្តការដឹកនាំបានយូរអង្វែងតទៅមុខទៀត។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោក ស្រី ជា ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយស្រុក ឃុំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកបរសេដ្ឋប្រមាណ ១០០នាក់។
បន្ទាប់ពីការស្វាគមន៍ និងស្តាប់របាយការណ៍របស់លោកប្រធានស្ដីទី គណបក្សស្រុកមក លោកទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យប្រធានគណបក្សឃុំ និងអ្នកតំណាងឡើងមានមតិអំពីស្ថានភាព និងបញ្ហាទូទៅនៅក្នុងឃុំ។ តាមឃុំបានលើកឡើងអំពីស្ថានភាពសតិអារម្មណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ក្រោយថ្ងៃ៩វិច្ឆិកា។ ជាមួយគ្នានេះ ឃុំក៏បានលើកឡើងអំពីការអភិវឌ្ឍ និងការបម្រើសេវាសាធារណៈផងដែរ។
មុននឹងបញ្ចប់កិច្ចប្រជុំប្រចាំខែ លោកទេសរដ្ឋមន្ត្រីព្រមទាំងសមាជិកសមាជិកាទាំងអស់ បានអនុម័តសេចក្តីព្រាងរបាយការណ៍។ បន្ទាប់មកលោកទេសរដ្ឋបានថ្លែងបញ្ចប់ និងណែនាំដូចខាងក្រោម៖
១) ពួកប្រឆាំងបានបរាជ័យ១០០% លើផែនការធ្វើរដ្ឋប្រហារ ថ្ងៃទី៩ វិច្ឆិកាហើយ។ ឥឡូវនេះ ពួកគេមាន ជម្រើសតែ២ទេគឺ : បន្តសកម្មភាពឧទ្ទាមក្រៅច្បាប់ ឬចូលរួមក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
២) រឿងសតិអារម្មណ៍ យើងត្រូវចុះជាប្រចាំជាមួយប្រជាពលរដ្ឋ។ យើងត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្រ និងមិនគាំទ្រឲ្យយល់ថា បក្សសង្គ្រោះជាតិគ្មានពេលរស់ឡើងវិញទេ។
៣) យើងត្រូវបន្តគិតគូរពីជីវភាព ការរស់នៅរបស់ប្រជាជន និងសតិអារម្មណ៍របស់ពួកគាត់ ដោយត្រូវបន្តពង្រឹងសណ្តាប់ធ្នាប់សាធារណៈ។
៤) យើងត្រូវបន្តពង្រឹងការងារចិញ្ចឹមចលនា ដោយពង្រឹងរចនាសម្ព័ន្ធបក្សឲ្យរឹងមាំ និងរៀបចំឲ្យមានរបបប្រជុំទៀងទាត់។
៥) យើងត្រូវបន្តពង្រឹងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ស្វែងរកការគាំទ្រពីពួកគាត់ និងកុំប៉ះពាល់ទ្រព្យសម្បត្តិសាធារណ:ឡើយ។
៦) យើងត្រូវខិតខំធ្វើការងារបម្រើប្រជាពលរដ្ឋ ដើម្បីដណ្ដើមយកការស្រឡាញ់ ការគាំទ្រ និងសន្លឹកឆ្នោតឱ្យបានច្រើន ជួយគណបក្សប្រជាជនកម្ពុជាយើង ឈ្នះក្នុងការបោះឆ្នោត និងបន្តការដឹកនាំបានយូរអង្វែងតទៅមុខទៀត៕