(ព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីបុកម៉ូតូពីរគ្រឿងបណ្តាលឲ្យបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង និង២នាក់ទៀតរងរបួសស្រាល នៅផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋាន បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្ត ០១គ្រឿងម៉ាក HYUNDAI (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយចំនួន២គ្រឿង គឺម៉ូតូទី១ ម៉ាក WAVE បើកបរដោយឈ្មោះ គឹមលេង គីមស្រេងភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ ម្នាក់ឈ្មោះ ឈិន ចិន្តាភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ខេត្តកណ្ដាលមុខរបរកម្មកររោងចក្រ ទិសដៅស្របគ្នា ពីលិចទៅកើតបណ្តាលឲ្យអ្នកជិះម៉ូតូទី១ ស្លាប់ទាំង២នាក់ រួចបានទៅបុកប៉ះម៉តូទី២ ម៉ាកហុងដាឌ្រីមជិះគ្នា២នាក់ (ប្រុស) បណ្តាលឲ្យអ្នកជិះម៉ូតូទី២ រងរបួសស្រាល។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយកើតហេតុអ្នកបើកបររថយន្ត HYUNDAI បានចុះរត់គេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ចំណែកសាកសពទាំងពីរនាក់ ត្រូវបាននគរបាលជំនាញបានបញ្ជូនទៅឲ្យគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នវត្ថុតាងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបិតត្រាងបណ្តោះអាសន្ន រង់ចាំការដោះស្រាយតាមនីតិវិធី៕