(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានពន្យល់ពីខ្លឹមសារដ៏ធំធេងមិនរីងស្ងួតជាប្រវត្តិសាស្ត្រនៃសៀវភៅ «ការបញ្ចប់សង្គ្រាមស៊ីវិល-ប្រភពពេញលេញនៅកម្ពុជា» ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានស្រាវជ្រាវ និងនិពន្ធដោយនាយឧត្តមសេនីយ៍តែម្តង ក្រោមការណែនាំនិងអនុសាន៏ដ៏មុះមុតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់។
នៅលើ Facebook នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ចេញអត្តន័យយ៉ាងដូច្នេះថា៖
*ទី១ ៖ ក្នុងនាមជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធដែលបានរៀបចំសិក្សា ចងក្រងនូវសៀវភៅស្ដីអំពីនយោបាយឈ្នះ-ឈ្នះ ការបញ្ចប់សង្គ្រាមស៊ីវិល ប្រភពសន្តិភាពពេញលេញនៅកម្ពុជា ដែលបានបោះពុម្ពពីឆ្នាំ២០១១ ហើយក្រោមការណែនាំនិងអនុសាន៏ដ៏មុះមុតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ខ្ញុំសូមបញ្ចប់បន្ថែមថា ដោយសារខ្លឹមសារដ៏ធំធេងមិនរីងស្ងួត ជាប្រវត្តិសាស្ត្រនៃសៀវភៅនេះ យើងក៏បានដំណើរការកសាងនូវវិមានឈ្នះ ឈ្នះ ដែលបាននិងកំពុងក្លាយជាសម្បត្ដិសាធារណៈ សម្បត្ដិប្រវត្ដិសាស្ដ្រដែលមានអត្ថន័យយ៉ាងច្រើន ទាក់ទងជាមួយប្រវត្ដិកាលនៅសម័យកាលថ្មីនេះនិងភ្ជាប់ពីសុខដុមភាពអតីតកាលខ្លះទៅអនាគតកាលផងដែរ។ តឹកតាងទាំងអស់នេះសំដៅទៅលើការដឹកនាំរបស់សម្ដេចតេជោសែន ស្ដីពីនយោបាយឈ្នះ ឈ្នះ និងសន្ដិភាព។ ខ្លឹមសារនៃស្ថាបត្យកម្មរបស់វិមានឈ្នះ ឈ្នះ ក៏បានរៀបចំចងក្រងជាសៀវភៅថ្មីមួយទៀត ជាសៀវភៅទី២ដែលមានចំណងជើងថា វិមានឈ្នះ ឈ្នះ ក្នុងនោះមានការពន្យល់ អត្ថន័យសព្វបែបយ៉ាងស្ដីអំពី ចម្លាក់ គំនូរ ហេដ្ឋារចនាសម្ព័ន្ធស្ថាបត្យកម្មជាច្រើននៅវិមានឈ្នះឈ្នះ។
*ទី២ ៖ នៅក្នុងកិច្ចដំណើរការទៅមុខនេះ ដោយបានការដឹកនាំផ្ទាល់ជាប់ជាប្រចាំមិនព្រមចេះហត់នឿយណាយរបស់សម្ដេចពិជ័យសេនា ខ្ញុំនិងក្រុមការងារកំពុងបោះជំហានបន្តដំណើរ ឈានទៅមុខទៀតក្នុងការស្រាវជ្រាវ សិក្សារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាទាក់ទងនយោបាយឈ្នះឈ្នះដំណាក់កាលទី៣ ដែលសំដៅឆ្ពោះទៅរកតឹកតាងបន្ថែមនៃសមិទ្ធផលរបស់នយោបាយឈ្នះ ឈ្នះ តាមរយៈការប្រមូលផ្ដុំបង្ហាញឲ្យឃើញកាន់តែពិស្ដារឡើងនូវជោគជ័យពិត ជោគជ័យជាក់លាក់និងមានភាពជាប់មិនដាច់នៃនយោបាយឈ្នះ ឈ្នះ ដែលនឹងត្រូវរៀបចំនៅតាមភូមិសាស្ដ្រ ទីតាំងនានា ដោយមានទាំងអ្នកចូលរួមប្រតិបត្ដិករ និងមានតឹកតាងជាក់ស្ដែងផងដែរ។
*ទី៣ ៖ ក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមកាន់តែច្រើនថែមទៀតដែលអាចធ្វើទៅតាមលក្ខណៈ៣យ៉ាង៖
*សូមចូលរួមក្នុងការអាន សិក្សា ស្រាវជ្រាវនូវសៀវភៅនិងខ្លឹមសារនៃនយោបាយឈ្នះឈ្នះ រួមទាំងដំណើរការនៃការអនុវត្តិនយោបាយឈ្នះឈ្នះ ឲ្យបានកាន់តែស៊ីជម្រៅ និងអស់សេចក្ដី ព្រមទាំងអាចផ្ដល់មតិបន្ថែមកាន់តែច្រើនដើម្បីឲ្យមានភាពសម្បូរបែបនិងភាពស្ដុកស្ដមនៃអត្ថន័យនយោបាយឈ្នះឈ្នះដែលបានផ្ដល់គុណតម្លៃយ៉ាងធំធេងសម្រាប់សង្គមកម្ពុជាយើង នៅសម័យកាលតេជោសែនថ្មីនេះ។
*សូមចូលរួម និងមានពេលវេលាដើម្បីធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវនៅវិមានឈ្នះឈ្នះ ដោយផ្ទាល់ឲ្យបានល្អិតល្អន់ និងកាន់តែស៊ីជម្រៅទៀតនូវអត្ថន័យសព្វយ៉ាងដែលមាននៅទីនោះ។ បើទោះបីជានៅកំពុងដំណើការសាងសង់ក្នុងដំណាក់កាលទី៤ និងទី៥ទៀតក្តីក៏ដំណាក់កាលនេះក៏ជាឱកាសអាចបង្ហាញ និងបញ្ជាក់នូវសក្ខីកម្មពិតប្រាកដជាប្រវត្តិសាស្រ្ត នៃមគ្គុទេសឯករបស់សម្តេចតេជោសែន ដែលជាស្ថាបនិកឯកនៃនយោបាយឈ្នះ ឈ្នះ រួមទាំងដំណើរការអនុវត្ត និងព្រឹត្តិការណ៏នាជាច្រើនដែលមាននៅទីនោះផងដែរ។
*សូមចូលរួមដើម្បីរួមចំណែកក្នុងការកសាងទៅមុខទៀតនូវតំបន់ប្រវត្តិសាស្រ្តយោធា ឬយើងអាចហៅថាតំបន់ប្រវត្តសាស្រ្តឈ្នះឈ្នះ ដែលនឹងក្លាយទៅជាមរតកនិងជាតឹកតាងកាន់តែច្បាស់ថែមទៀត ដែលត្រូវមានការអភិវឌ្ឍ ត្រូវមានការពង្រឹងនូវការរីកចម្រើនសម្រាប់ឆ្លុះបញ្ចាំងផលដ៏ឧត្តុងឧត្តមនៃនយោបាយឈ្នះឈ្នះ។
*ជាការពិតតាមរយៈសៀវភៅនេះ យើងក៏បានទទួលនូវធាតុចូលជាច្រើនរួចហើយ ផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការបោះពុម្ពចេញផ្សាយ ហើយការទទួលបានការអាន និងការផ្តល់ការអញ្ជើញទៅឧទ្ទេសនាមទៅ តាមទីកន្លែងផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស វេទិកាតំបន់ និងអន្តរជាតិ។ ដូចនេះខ្ញុំនិងក្រុមការងារក៏កំពុងបន្តការរៀបចំសៀវភៅថ្មីដើម្បី អភិវឌ្ឍនូវខ្លឹមសារទាំងអស់នេះផងដែរជាបន្ថែមដោយសារយើងបានទទួលកាន់តែច្រើនឡើងនូវការវាយតម្លផ្លល់ នូវគុណតម្លៃខ្ពស់ និងមានលក្ខណៈពិសេសនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងដំណើរការអនុវត្តជាក់ ស្តែងនៅកម្ពុជាយើងដែលក្លាយទៅជាមេរៀនមួយក្នុងប្រវត្តិសាស្រ្តនៃការបញ្ចប់សង្រ្គាមស៊ីវិលសំរាប់តំបន់និងពិភពលោក។ សំណួរជាច្រើនដែលយើងបានទទួល និងការបកស្រាយតាមរយៈការពិភាក្សាបានផ្តល់នូវទិដ្ឋភាពជាច្រើនថែមទៀតជាមួយនិងអ្វីដែលមាននៅក្នុងសៀវភៅថ្មីខាងមុខនេះ។
*ខ្ញុំជឿជាក់ដូចអ្វីដែលបានសរសេរក្នុងអារម្ភកថារួចហើយថា អ្នកជំនាន់ក្រោយ អ្នកដែលត្រូវបន្តវេនទោះយ៉ាងណាក្តី ដោយសារទំរាំយើងមានថ្ងៃនេះដោយនយោបាយឈ្នះ ឈ្នះ ដោយការដឹកនាំដ៏ជាញជ័យរបស់សម្តេចតេជោសែន និងការចូលរួមប្រតិបត្តិពីអ្នកជំនាន់មុនរួចមកហើយនោះគឺ សូមធ្វើការសិក្សានិងមានការចូលរួមស្វែងយល់កាន់តែស៊ីជម្រៅ និងពិស្តារជាមួយខ្លឹមសារទាំងអស់នេះ។ ជាពិសេសបំផុតពេលថ្មីបំផុត នេះ ប្រសាសន៍ដ៏ច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ស្តីពីការស្រាវជ្រាវ ការរៀបចំគោលគំនិត នៅរាជ្យបណ្ឌិតសភា និងប្រសាសន៍នានារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ស្តីពីអំពីការការកសាងសំណាញ់ប្រវត្តិសាស្រ្តយោធា តឹកតាងនយោបាយ ឈ្នះ ឈ្នះ និងការលើកឡើង ជាច្រើនពេលជាប់មិនដាច់ស្តីអំពីអត្ថន័យដ៏វិសេសវិសាលនៃបាវចនារបស់វិមានឈ្នះ ឈ្នះ ទាំង៣ គឺ កត្តញ្ញូ សុខដុម និងការចូលរួម៕