(ភ្នំពេញ)៖ ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) បានធ្វើការសម្ពោធជាផ្លូវការនូវប្រភេទស្តេចស្រាវិស្គី មានអាយុកាល ២១ឆ្នាំ មួយប្រភេទ ដែលមានឈ្មោះថា «The Malts Blend» នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភោជនីយដ្ឋាន Rosewood ជាន់ទី៣៦ នៃអគារវឌ្ឍនៈ។ នេះគឺជាលើកដំបូង ដែលក្រុមហ៊ុនបានផលិត និងដាក់បញ្ចូលនូវប្រភេទវិស្គីនេះ នៅក្នុងគ្រួសារ Royal Salute ២១ ឆ្នាំ ជាមួយនឹង Royal Salute Signature Blend ដែលបានផលិតឡើង ដើម្បីជាដង្វាយ ក្នុងឱកាសគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រីយានី «Elizabeth» ទីពីរ នៅក្នុងឆ្នាំ១៩៥៣។ The Malts Blend បានផលិតឡើងក្នុងដប និងសម្បកប្រអប់ ដែលមានរូបរាងថ្មីសន្លាង ដែលបង្ហាញពីប្រវត្តិសាស្រ្ត ដ៏សំបូរបែបរបស់ប្រទេសស្កុតឡេន ជាមួយនឹងរូបភាពចម្រុះពណ៌ នៃសត្វនិងផ្កាជាច្រើនប្រភេទនៃសួនសត្វ នៅក្នុងរាជវាំងរបស់ប្រទេសអង់គ្លេស។
The Malts Blend បានចម្រាញ់រយៈពេល ២១ឆ្នាំ ចេញពីគ្រាប់ធញ្ញជាតិ តែមួយប្រភេទដែលមានអាយុកាលយ៉ាងតិច ២១ឆ្នាំយកចេញមកពីតំបន់ផលិតវិស្គីទាំងប្រាំ (Speyside, Highlands & Island, Lowlands, Islay, and Campbelltown) នៅក្នុងប្រទេសស្កុតឡេន។ គ្រាប់ធញ្ញជាតិទាំងនោះ បានបង្កើតជាក្លិនមួយដែលល្អបំផុត។ ជាលទ្ធផល យើងបានបង្កើតឡើង នូវប្រភេទវិស្គីមួយប្រភេទ ដែលពោរពេញទៅដោយក្លិន និងរសជាតិ នៃទិន្នផលគ្រាប់ធញ្ញជាតិ ដែលប្រកបដោយភាពឈ្ងុយឈ្ងប់ ប្រៀបដូចជាក្លិនរបស់ផ្លែឈើស្រស់ ដែលទើបប្រមួលផលមកពីចម្ការ។
លោក Sandy Hyslop ជាអ្នកឯកទេសក្នុងការផលិតនិងលាយស្រា Royal Salute បានថ្លែងថា «ប្រភេទគ្រាប់ធញ្ញជាតិ ដែលយកមកចម្រាញ់ក្នុងការផលិតស្រានេះឡើង ប្រៀបបីដូចជាអក្សរភ្លេង ដែលសរសេរឡើងចេញជាតន្រ្តី ពោលវាបង្កើតបានជារសជាតិពិសេស នៃវិស្គីនៅពេលដែលគ្រាប់ធញ្ញជាតិទាំងនោះ បានរួមបញ្ចូលគ្នា។ ជាមួយនឹងលក្ខណៈពិសេសនៃគ្រាប់ធញ្ញជាតិដែល បានធ្វើឲ្យរសជាតិនិងក្លិនរបស់ វិស្គី The Malts Blend កាន់តែអស្ចារ្យ ជាពិសេសចាប់ពីពេលដែលអ្នកភ្លក្ស នូវរសជាតិដ៏ផ្អែមលាយជាមួយក្លិនឈួលតិចៗ អ្នកនឹងកាន់តែមានអារម្មណ៍ថា វាគឺជាវិស្គីមួយដែលបានបង្កើតដោយវេទមន្ត»។
លោកបានបន្តទៀតថា «ក្នុងនាមជាអ្នកឯកទេស ក្នុងការផលិតនិងលាយស្រា Royal Salute គ្មានអ្វីដែលប្រសើរជាងការខិតខំប្រឹងប្រែងបន្ត និងរក្សានូវកេរតំណែល នៃរូបមន្តនៃការផលិត និងលាយបញ្ចូលគ្នារបស់ វិស្គីប្រភេទនេះដែលបានបង្កើតតាំងពីឆ្នាំ១៩៥៣ មកនោះទេ។ ប៉ុន្តែឱកាសនៃការស្វែងរក និងអភិវឌ្ឍនូវរូបមន្ត ដើម្បីបង្កើតជារសជាតិនិងក្លិនថ្មីៗ ឲ្យស័ក្តិសមទៅនឹងលក្ខណៈសម្បត្តិដើមរបស់វា គឺជាក្តីសុបិន្តយ៉ាងពិតប្រាកដសម្រាប់យើង ក្នុងនាមជាអ្នកផលិតវិស្គីនេះ»។
ជាងនេះទៅទៀត វាក៏ត្រូវបានច្រកចូលទៅក្នុងដប ប៉សឺឡែនយ៉ាងប្រណីត ដែលឆ្លាក់និងខាត់ឲ្យរលោងប្រៀបដូចជាត្បូងមរកត ដែលដាំនៅលើម្កុដរបស់ព្រះមហាក្សត្រ នៃប្រទេសអង់គ្លេស។
លោក Mathieu Deslandes ប្រធានផ្នែកទីផ្សារស្រា Royal Salute បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាព ចំពោះផលិតផលរបស់យើង ជាមួយនឹងរូបរាងនៃការវេចខ្ចប់ថ្មី នៅក្នុងប្រអប់ដ៏ប្រណីត របស់សមាជិកថ្មី The Malts Blend ដែលជាសមាជិកថ្មីនៃគ្រួសារ Royal Salute ២១ ឆ្នាំ ជាពិសេសវាបានបន្ថែមភាពទាក់ទាញ និងបង្កើនបន្ថែមនូវកេរ្តិ៍ឈ្មោះមួយកម្រិតទៀត នៃស្កុតវិស្គីផងដែរ»។
លោកបានបន្ថែមទៀតថា «Royal Salute មានប្រវត្តិសាស្ត្រគួរជាទីមោទនៈ ហើយយើងក៏តែងតែខិតខំប្រឹងប្រែង ថែរក្សាកេរតំណែលនេះឲ្យនៅស្ថិតស្ថេរប្រៀបបីជាបេះដូង របស់យើងផងដែរ។ យ៉ាងណាមិញយើងខិតខំស្រាវជ្រាវ និងស្វែងរកនូវបច្ចេកវិទ្យាចុងក្រោយ ដើម្បីផលិតស្រានេះ ជាលទ្ធផលយើងក៏ទទួលបាននូវវិស្គី ប្រភេទថ្មីមួយនេះ។ The Malts Blend គឺជាឈ្មោះនៃវិស្គីថ្មីមួយប្រភេទនេះ ដែលយើងជឿជាក់ថា វាស័ក្តិសមបំផុតសម្រាប់ខ្សែរាជវង្ស»៕