(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត និងក្រុមការងារ បានចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៦០គ្រួសារ ដែលជាជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន នៅសាលាក្រុងប៉ៃលិន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ផាន់ ចានធុល បានលើកឡើងថា ការចែកអំណោយរបស់មន្ទីរសង្គមកិច្ចខេត្តនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែល្អថែមទៀត។ លោកសំណូមពរ ដល់លោកតា លោកយាយ ពូមីង និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពរបស់ខ្លួនធូធារជាងមុន ជាពិសេសត្រូវយល់ដឹងពីបច្ចេកទេសក្នុងការធ្វើការងារកសិកម្ម ទៅតាមការណែនាំរបស់មន្ត្រីជំនាញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ «រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន លើគ្រប់វិស័យរួមមាន៖ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម ព្រមទាំងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។
នៅក្នុងឱកាសនោះផងដែរលោក ផាន់ ចាន់ធុល ក៏បានផ្តាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះអាកាសធាតុចាប់ផ្តើមត្រជាក់ ដែលងាយបង្កឱ្យកើតជំងឺដម្កាត់ផ្សេងៗ ហើយបើមានកើតបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា។ ព្រមជាមួយនេះ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
បើតាមរបាយការណ៍របស់លោក អ៉ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងពីចំនួន អំណោយដែលចែកជូនដល់ ជនពិការ ស្ត្រីមេម៉ាយ និងចាស់ជរា ទីទាល់ក្រ ទាំង៦០គ្រួសារ។ លោកបញ្ជាក់ថា ក្នុងមួយគ្រូសារៗទទូលបានអង្ករចំនួន ២៥គីឡូក្រាម, មី ១០កញ្ចាប់, ត្រីខ ៥កំប៉ុង, ទឹកត្រី ៣ដប, ខ្លាញ់ ១ដប, និងថវិកាចំនួន ១៥០០០៛ ដែលជាថវិកាផ្ទាល់របស់អភិបាលខេត្តប៉ៃលិន៕