(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន និងមានចូលរួមពីក្រុមយុវជនកាកបាទក្រហម ក្រុមកាយរិទ្ឋិ បានបើកយុទ្ធនាការក្នុងការចុះធ្វើអនាម័យ បរិស្ថាន ដោយចុះប្រម៉ែប្រមូលសំរាមនៅតាមដងផ្លូវ១០៥ និងប្រឡាយបឹងត្របែក ដើម្បីលៃលកធ្វើយ៉ាងណាឲ្យសោភ័ណភាពប្រឡាយមានអនាម័យ បរិស្ថានល្អប្រសើរ ពោលគឺមានផាសុខភាពផងដែរ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា ចំពោះការងារចុះធ្វើអនាម័យ បរិស្ថាន ដោយដើរប្រម៉ែប្រមូលសំរាម និងកាកសំណល់នៅតាមដងផ្លូវ និងប្រឡាយនេះ មិនថាយប់ឬថ្ងៃនោះទេ វាគឺជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមកុំឲ្យថង់ ឬប្រអប់ផ្លាស្ទីកហោះហើរលើអ្នកធ្វើដំណើរតាមដងផ្លូវ និងធ្លាក់ចូលក្នុងប្រឡាយជាដើម។
លោកបញ្ជាក់ទៀតថា «ដូចនេះដើម្បីឲ្យតាមដងផ្លូវកាន់តែមានអនាម័យបរិស្ថាន និងសោភ័ណភាពល្អប្រសើរសូមបងប្អូនប្រជាជនទូទៅ ដែលធ្វើដំណើរតាមដងផ្លូវនានា សូមចូលរួមអនុវត្តន៍ឲ្យបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌ ដើម្បីសុខភាពយើងទាំងអស់គ្នា ទីក្រុងស្អាត បរិស្ថានល្អ និងទេសចរណ៍ប្រពៃ។ លោកបន្តថា ចំពោះការងារនេះអាជ្ញាធរខណ្ឌ សង្កាត់ និងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃឲ្យដូចភ្លៀងរលឹមមិនថាថ្ងៃឬយប់នោះទេ តួយ៉ាងដូចព្រឹកនេះ ពិសេសនៅថ្ងៃចុងសប្ដាហ៍ផងដែរ»។
លោក ថេង សុថុល បានលើកឡើងថា «បើចង់មានអនាម័យ និងបរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋាននាភូមិសង្កាត់យើងនីមួយៗនោះ ហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព និងសោភ័ណភាពនោះ ដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាជនទូទៅ រួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុស ទើបនៅក្នុងមូលដ្ឋានយើង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ព្រោះថាវាជាចំណែកយើងទាំងអស់គ្នាផងដែរ»។
ជាមួយគ្នានេះអភិបាលខណ្ឌចំការមន លោក ថេង សុថុល ក៏បានសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅ និងបងប្អូនអាជីវករ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថាន ដើម្បីទីក្រុងកាន់តែល្អប្រសើរមានផាសុខភាព ពោលគឺ «ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា»៕