(ភ្នំពេញ)៖ ខុនដូទំនើប បែបស៉ីវីល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងមានហាងឆេងខ្ពស់ ឬនិយាយដោយសាមញ្ញថា ត្រូវប៉ាន់យ៉ាងខ្លាំង ដោយសារកម្ពុជាយើងសម្បូរអ្នកមកវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ចយើងមានការរីកចម្រើន និងប្រជាជនមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់ចង់បានការស្នាក់នៅកម្រិតខ្ពស់។ នេះបើតាមអ្នកជំនាញ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងវិស័យវិនិយោគ កម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។ ក.អ.ក ក៏បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន ១៧១គម្រោង ដែលមានទុនវិនិយោគប្រមាណ ៣,៦ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៦, ១៨៣គម្រោងដែលមានទុនវិនិយោគ ៦,៣ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧, និង ២៥៥គម្រោងដែលមានទុនវិនិយោគ ៦,៤ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨។
ថ្លែងនៅក្នុងឱកាសបើកសម្ពោធការលក់គម្រោងខុនដូផ្កាយ៥ The Flora Suites នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សាំង សុភ័ក្ត្ររ៉ាឌី នាយកផ្នែកលក់ និងជំនួការអគ្គនាយិការង បានថ្លែងថា គម្រោងនេះ គឺជាការបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ ចំណុចពិសេសនៃខុនដូនេះ គឺទីតាំងស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកងទី១ ដែលជាតំបន់ពោរពេញទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ធនាគារ សាលាអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីផ្សារខុនដូនៅកម្ពុជាយើងនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដោយសារមានការវិនិយោគមកពីក្រៅប្រទេស មានអង្គការ មានអ្នកធ្វើការងារផ្សេង ដែលពួកគាត់ត្រូវការលំនៅស្ថាន ពោលសេដ្ឋកិច្ចកាន់តែរីកចម្រើន ទីផ្សារកាន់តែរីកចម្រើន ហើយកម្រិតជីវភាពប្រជាជនយើងបច្ចុប្បន្នមានការកើនឡើង និងភាពស៉ីវិល័យប្រជាជនយើងក៏កើនឡើង អញ្ចឹងគាត់ចង់បានខុនដូទំនើប ស៉ីវីល័យ ទាន់សម័យ។ ដូច្នេះហើយ ទើបយើងសាងសង់ខុនដូកម្រិតផ្កាយ៥នេះឡើង»។
អគារខុនដូនេះមានកម្ពស់ ៣៨ជាន់ មានទំហំអគារសរុប ២០.៧៨៦m² ដែលជារចនាម៉ូតបែបទំនើប បំពាក់ទៅដោយកញ្ចក់ព័ទ្ធជុំវិញអគារ ដែលអាចឲ្យគេមើលឃើញនូវទេសភាព ជុំវិញរាជធានីភ្នំពេញបានយ៉ាងល្អ។ លោកនាយកផ្នែកលក់ បន្តថា ក្នុងមួយស្វីតៗ តម្លៃចាប់ពី ១០ម៉ឺនដុល្លារអាមេរិកឡើងទៅ។
លោក Lim Kok Loong អគ្គនាយកប្រតិបត្តិ បានថ្លែងឲ្យដឹងថា គម្រោងនេះគឺជាផលិតផលថ្មីស្រឡាង នៃការខិតខំប្រឹងប្រែងរបស់ឌឹផ្លរ៉ា សម្រាប់បំពេញនូវតម្រូវការទីផ្សារ របស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះជាឱកាសរបស់គ្រួសារដឹផ្លរ៉ា ក្នុងការបំពេញស្នាដៃ ក៏ដូចជាបម្រើប្រជាជនកម្ពុជា និងជាការលើកមុខមាត់របស់ប្រទេសយើងដែរ។
លោកបញ្ជាក់ថា៖ «យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការវិនិយោគបែបអឺរ៉ុប ភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ឲ្យអតិថិជនយើង ទទួលបាននូវផលិតភាព ក្នុងការរស់នៅដោយសម្បូរបែប»។
នៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស្វីត មានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ទីម សោណា យូហ្គា កន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជនដែលស្នាក់នៅអាចពិភាក្សាការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ។
ចំណែកឯ នៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ហើយមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គបានផងដែរ។ ជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋានដែលស្ថិតនៅជាន់កំពូលនៃអាគារ ដែលគេអាចគយគន់ទេសភាពថ្ងៃលិចបានយ៉ាងស្អាត។
ឌឹ ផ្លរ៉ា (The Flora) គីជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន គ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឲ្យអតិថិជនរស់នៅ ក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ក្នុងវីឡាគ្រប់ប្រភេទផ្ទះល្វែង និងផ្ទះល្វែងអាជីវកម្ម។
គួរបញ្ជាក់ផងដែរថា ដោយការឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥។
ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស ព្រមទាំងការអនុញ្ញាតឲ្យជនបរទេសបណ្តាក់ទុន១០០% លើគ្រប់វិស័យ ដោយពុំមានការតម្រូវឲ្យមានភាគហ៊ុនរបស់អ្នកវិនិយោគក្នុងស្រុក គឺជាការបើកទូលាយបំផុតរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់ ធ្វើឲ្យវិនិយោគិនបរទេស ចូលមកបណ្តាក់ទុនយ៉ាងភ្លូកទឹកភ្លូកដី។ ជាការកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នា ទាំងចំនួនគម្រោង ទាំងទុនវិនិយោគផងដែរ៕