(ភ្នំពេញ)៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានកោតសរសើរចំពោះភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស និងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អគ្គរដ្ឋទូតអាមេរិករូបនេះ ក៏បានបញ្ជាក់ពីជំហររបស់លោកថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរឡើងវិញ ចាប់ពីពេលនេះតទៅ ដើម្បីជាប្រយោជន៍រវាងប្រទេសយើងទាំងពីរ។
ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងជំនួបនោះទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហររដ្ឋអាមរិក ដែលបានជួយដល់វិស័យ សកម្មភាពមីននៅកម្ពុជា។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិកត្រូវទទួលខុសត្រូវ និងយកចិត្តទុកដាក់ជួយបោសសម្អាតកាកសំណល់ពីសង្រ្គាមរបស់អាមេរិក ដែលបានទំលាក់មកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ឲ្យបានអស់ ពីព្រោះវាបានកំពុងធ្វើប្រជាពលរដ្ឋកម្ពុជាស្លាប់ និងពិការជាច្រើនក្នុងមួយឆ្នាំមួយឆ្នាំ និងគាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិ២០២០-២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបតែបានដាក់ចេញនាពេលថ្មីៗនេះ (បោសសម្អាតមីនដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥)។
ជាការឆ្លើយតបទៅនឹងសំណូមពររបស់ទេសរដ្ឋមន្រ្តី លី ធុជ, ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើង៤ចំណុច ដូចខាងក្រោម៖
*ទី១៖ លោក W. Patrick Murphy បានកោតសរសើរចំពោះភាពប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស និងទំនាក់ទំនងការទូតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី
*ទី២៖ លោក W. Patrick Murphy បានស្មើសុំឲ្យទុករឿងពីអតីតកាលជាអតីតកាល ហើយលោកសន្យាថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តការរវាងប្រទេសយើងទាំងពីរឲ្យបានកាន់តែល្អប្រសើរឡើងវិញ ចាប់ពីពេលនេះតទៅ ដើម្បីជាប្រយោជន៍រវាងប្រទេសយើងទាំងពីរ
*ទី៣៖ លោក W. Patrick Murphy បានលើកឡើងថា លោកនឹងយកវិស័យសកម្មភាពមីន ជាវិស័យស្នូលមួយ ក្នុងការទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តការ ជាមួយកម្ពុជា
*ទី៤៖ លោក W. Patrick Murphy ស្នើសុំចុះទស្សនកិច្ចចំការមីននិងគ្រាប់ នៅភូមិភាគឦសាន ដើម្បីស្វែងយល់អំពីវិស័យសកម្មភាពមីន នៅកម្ពុជា ដើម្បីលោកមានមូលដ្ឋានគ្រឹះ ក្នុងការធ្វើរបាយការណ៍ទៅរដ្ឋាភិបាលអាមេរិក សុំបង្កើនថវិកាជំនួយរបស់អាមេរិកដល់វិស័យសកម្មភាពមីន នៅកម្ពុជា និងគាំទ្រយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ២០២០-២០២៥៕