(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 ទទួលបានការវាយតម្លៃល្អប្រសើរ ក្នុងនោះសូន្យភាពមិនអនុលោម ២ចំណុច តាមសង្កេត ២៥អនុសាសន៍ និង ៥ចំណុចប្រសើរ។
លោក អ៊ុន មណីនីតា ប្រធានសវនករនៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ថ្លែងក្នុងកម្មវិធីបិទសវនកម្មថា សវនកម្មក្នុងលើកនេះមិនមានភាពមិនអនុលោមទេ ប៉ុន្តែមានចំណុចតម្រូវឱ្យធ្វើការកែលម្អជាបន្ត និងមានចំណុចប្រសើរមួយចំនួន។ លោកបន្តថា សវនកម្មនឹងតាមដានដំណើរនៃការអនុវត្តនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរជាបន្តទៀត។
លោកបញ្ជាក់ថា ការតាមដាននេះដើម្បីរក្សាប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ចំពោះការប្រែប្រួលស្ថានភាព រក្សាប្រសិទ្ធភាព និងការកែលម្អជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ដើម្បីជួយជំរុញការអនុវត្តប្រព័ន្ធទាំងមូលឱ្យប្រសើរឡើង រក្សាលទ្ធផលសម្រេចបានតាមគោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា។
លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ-អង្គរ បានកោតសរសើរចំពោះលទ្ធផលការងារក៏រីកចម្រើនសមត្ថភាពរបស់សវនករក៏រីកចម្រើន ជាពិសេសការកើនឡើងនៃចំណុចតាមអង្គេត និងអនុសាសន៍ ដែលបានមកពីការចូលរួមសហការណ៍រួមគ្នាដើម្បីបរិស្ថានអង្គរមានភាពប្រសើរឡើង។
សវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 ក៏បានសំណូមពរដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សូមថ្នាក់ដឹកនាំតាមនាយកដ្ឋានមេត្តាចូលរួម និងជំរុញទឹកចិត្តចំពោះកម្មវិធីដើម្បីគ្រប់គ្រងបរិស្ថានរបស់នាយកដ្ឋាន។ សូមបន្តការខិតខំប្រឹងប្រែងថែមទៀតនូវគ្រប់នាយកដ្ឋាន ដើម្បីទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ តាមរយៈការដឹកនាំ និងបង្ហាត់បង្រៀនពីក្រុមលេខាធិការដ្ឋាននៃអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ៕