(ភ្នំពេញ)៖ ក្រុមហ៊ុន WINEST ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្រាទំពាំងបាយជូរ នាំចូលមកពីតំបន់នានា លើពិភពលោក ដែលកំពុងមានឈ្មោះល្បី នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបុណ្យស្រាទំពាំងបាយជូរ ដែលមានឈ្មោះថា «ប៊ូហ្សូលេណូវ៉ូ» មួយឆ្នាំមានតែម្ដង ដែលជាព្រឹត្តការណ៍ធំ របស់ប្រទេសបារាំង និងបណ្ដាលប្រទេសនានា នៅលើពិភពលោក គឺជាការអបអរនៃការប្រមូលផលចុងក្រោយ។
កម្មវិធីនេះ មានការចូលរួមពី ភ្ញៀវកិត្តិយសជាច្រើននាក់ ភ្លក់រសជាតិ និងពិសារអាហារពេលល្ងាច នៅរាត្រីថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើនៅទីតាំង Winest ផ្ទាល់។
ថ្លែងក្នុងពិធីនេះ លោកស្រី ឈឹម ចិន្តា ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Winest បានឲ្យដឹងថា កម្មវិធីថ្ងៃនេះ គឺជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីជាច្រើនទៀត ដែលក្រុមហ៊ុន តែងតែរៀបចំឡើងជាប្រចាំ។
លោកស្រី ឈឹម ចិន្តា បានបញ្ជាក់ថា គោលបំណងកម្មវិធីថ្ងៃនេះ គឺចង់ឲ្យភ្ញៀវកិត្តិយសស្វែងយល់ អំពីរសជាតិថ្មីស្រស់ របស់ប្រភេទស្រាទំពាំងបាយជូរ ប៊ូហ្សូលេ ពិសេសគឺផ្តោតទៅលើ ការភ្លក់និងប្រៀបធៀប រសជាតិស្រាពីឆ្នាំនេះទៅនឹងឆ្នាំមុន តើរសជាតិខុសគ្នាយ៉ាងណា។
នាយកគ្រប់គ្រងក្រុមហ៊ុន Winest រូបនេះ បានលើកឡើងថា នៅលើពិភពលោក គេប្រារព្ធពិធីបុណ្យស្រាទំពាំងបាយជូរ ប៊ូហ្សូលេ នៅរៀងរាល់ថ្ងៃព្រហស្បត៍ នៃសប្ដាហ៍ទីបី នៃខែវិច្ឆកា ហើយនៅ វ៉ាញណេស ក៏ប្រារព្ធនៅថ្ងៃខែបរិច្ឆេទដូចគ្នាដែរ៕