(សៀមរាប)៖ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស អ្នកស្រុកបានធ្វើការជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស ខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់ទៅវិញ។
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានលើកឡើងថា សំណង់ខុសច្បាប់ជាច្រើនខ្នងបាននិងកំពុងសង់ក្នុងរូបភាពស្របច្បាប់ បន្ទាប់ពីប្រជាពលរដ្ឋរស់នៅក្នុងរមណីយដ្ឋានអង្គរទទួលបានលិខិតអនុញ្ញាតសាងសង់ស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។
លោកបញ្ជាក់ថា ការរៀបចំលំនៅដ្ឋានក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺត្រូវឱ្យស្រប និងជាផ្នែកមួយនៃការលើកតម្លៃបេតិកភណ្ឌ ដូច្នេះរាល់ការស្នើសុំសាងសង់ទាំងអស់ចាំបាច់ត្រូវសុំច្បាប់ជាមុន និងចាំបាំច់ត្រូវធ្វើការសាងសង់ស្របតាមខ្លឹមសារដែលបានអនុញ្ញាត។
លោក ឡុង កុសល បញ្ជាក់បន្ថែមថា ក្នុងករណីប្រជាពលរដ្ឋមានបំណងស្នើសុំជួសជុល កែលម្អគេហដ្ឋាន សង់របង រោងគោ រោងមាន់ បង្គន់អនាម័យ ឬតម្រូវការផ្សេងៗ ដែលមានលក្ខណៈជាប្រភេទសំណង់ស្រាល ប្រជាពលរដ្ឋអាចទាក់ទងមកក្រុមការងារសហគមន៍តាមគោលដៅភូមិនីមួយៗ តាមរយៈភូមិឃុំ-សង្កាត់។
ដោយឡែក ក្នុងករណីប្រជាពលរដ្ឋមានបំណងស្នើសុំរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស នោះពួកគាត់អាចអញ្ជើញមកដាក់ពាក្យស្នើសុំនៅមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរជាតិអប្សរា ឬក៏នៅច្រកចេញចូលតែមួយរបស់ស្រុកពួក ក្រុងសៀមរាប និងសាលាខេត្តសៀមរាប។ រាល់ការចុះពិនិត្យបច្ចេកទេស និងការផ្តល់លិខិតអនុញ្ញាត គឺមិនមានបង់ប្រាក់ទេ។
ដូច្នេះ អាជ្ញាធរជាតិអប្សរាស្នើសុំដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវដាក់ពាក្យសុំសាងសង់មកអាជ្ញាធរជាតិអប្សរា ដោយត្រូវកំណត់ទ្រង់ទ្រាយ និងទំហំឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួសជុល ឬសាងសង់ដោយគោរពទៅតាមអ្វីដែលបានស្នើសុំនោះ ជៀសវាងធ្វើឱ្យសំណង់ទាំងនោះក្លាយជាសំណង់ខុសច្បាប់ក្នុងពេលជួសជុល ឬសាងសង់ព្រោះប្រឈមនឹងមោឃភាពលិខិតអនុញ្ញាត ការរើរុះចេញ និងវិធានការច្បាប់៕