(ភ្នំពេញ)៖ ក្រុមនារីកម្ពុជាទី១ រួមមានវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ វណ្ណា បានប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ ទៀតហើយ បន្ទាប់ពីវាយបកឈ្នះក្រុមកីឡាការិនីវៀតណាម ដោយលទ្ធផល ១៣-១០ពិន្ទុ ក្នុងវគ្គ ៨ក្រុមចុងក្រោយ លើវិញ្ញាសាវាយជាក្រុម ៣នាក់ទល់នឹង ៣នាក់ នាព្រលប់ថ្ងៃសុក្រនេះ នៅពហុកីឡដ្ឋានជាតិ ។
សម្រាប់ការប្រកួតដ៏តានតឹងនេះ ក្រុមកីឡាការិនីកម្ពុជា បានយកឈ្នះក្រុមភ្ញៀវយ៉ាងលំបាកបំផុត បន្ទាប់ពីត្រូវក្រុមវៀតណាម ធ្វើការនាំមុខជាបន្ដបន្ទាប់ រហូតដល់ ១០-៥ពិន្ទុ តែដោយសារស្មារតីរឹងមាំ និងសាមគ្គីភាពបានល្អ ក្រុមនារីកម្ពុជាទី១ ខាងលើ បានព្យាយាមវាយបក រហូតដណ្ដើមបានជ័យជម្នះវិញ ដោយលទ្ធផល ១៣-១០ពិន្ទុ ដើម្បីបន្ដដំណើរឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមឡាវ នាថ្ងៃទី២៣ ខែវិច្ឆិកាស្អែកនេះ ។
ប៉ុន្ដែទន្ទឹមជាមួយភាពសប្បាយរីករាយរបស់ក្រុមនារីកម្ពុជាទី១ នេះដែរ ក៏ចូលរួមសោកស្ដាយ ចំពោះក្រុមនារីកម្ពុជាទី២ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, បង ចន្ថា និងកីឡាការិនី ដួង ឌីណា ដែលបានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមកីឡាការិនីឡាវ ដែលត្រូវជួបក្រុមនារីកម្ពុជាទី១ ស្អែក ដោយលទ្ធផល ១៣-៤ពិន្ទុ នៅល្ងាចថ្ងៃជាមួយគ្នា ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជាទទួលបានសិទ្ធជាម្ចាស់ផ្ទះលើកដំបូងនេះ នឹងបញ្ចប់នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកាស្អែកនេះ ។ ប៉ុន្ដែលទ្ធផលជាបណ្ដោះអាសន្ន ម្ចាស់ផ្ទះកម្ពុជា ក៏ដណ្ដើមបានមេដាយមាស ១គ្រឿងក្នុងដៃផងដែរ ដែលដណ្ដើមបានដោយវីរកីឡាការិនី កែ ឡេង លើវិញ្ញាសាវាយយកពិន្ទុ(Shooting) ហើយក៏ជាកំណត់ត្រាប្រវត្តិសាស្ដ្រ ដែលអ្នកស្រីឈ្នះមេដាយមាសពិភពលោក ៤លើកជាប់ៗគ្នាផងដែរ៕