(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចេញសេចក្តីសម្រេចកែសម្រួលថ្លៃទឹកស្អាត ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្តីសម្រេចនេះ តម្លៃទឹកត្រូវបានបញ្ចុះថ្លៃចំពោះអតិថិជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ) ដែលបានប្រើប្រាស់មិនលើសពី២៥ម៉ែត្រគូប ក្នុង១ខែ ខណៈអ្នកប្រើប្រាស់លើសពី ២៥ម៉ែត្រគូប ក្នុង១ខែឡើងទៅនឹងត្រូវដំឡើងថ្លៃ។
សម្រាប់ប្រភេទអតិថិជនអាជីវកម្ម ត្រូវបានរក្សានៅតម្លៃដដែល លើកលែងតែប្រើប្រាស់ទឹកចាប់ពីលើស ១៥ម៉ែត្រគូបក្នុង១ខែឡើងទៅ នឹងត្រូវដំឡើងថ្លៃ។ ចំណែកអតិថិជនជាក្រសួងស្ថាប័ន អង្គភាពនានា និងស្ថានទូតវិញ តម្លៃទឹកនឹងត្រូវដំឡើងទ្វេគុណ។
មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មមួយរូប បានបង្ហើបប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការសម្រេចកែសម្រួលតម្លៃទឹកនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ និងពិភាក្សាយ៉ាងលម្អិត និងម៉ត់ចត់បំផុត ពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
មន្ត្រីដដែលនោះ បានបញ្ជាក់ថា ការលក់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញ៣ប្រភេទអតិថិជនរួមមាន៖ ប្រភេទអតិថជនជីវភាព (អ្នកប្រើប្រាស់តាមផ្ទះ), ប្រភេទអតិថិជនអាជីវកម្ម និងប្រភេទអតិថិជនជាក្រសួង ស្ថាប័នរដ្ឋ និងស្ថានទូតនានា។
ការកែសម្រួលតម្លៃទឹកថ្មីនេះ បានបញ្ចុះតម្លៃចំពោះអ្នកប្រើប្រាស់តាមផ្ទះ ដែលប្រើប្រាស់ទឹកមិនលើសពី២៥ម៉ែត្រគូបក្នុង១ខែ ដែលមានកម្រិតជីវភាពមធ្យម និងក្រោមមធ្យម ដែលមានប្រមាណជាង៥៩ភាគរយ នៃចំនួនអតិថិជនប្រើប្រាស់តាមផ្ទះទាំងអស់។ ចំណែកឯអតិថជនដែលប្រើប្រាស់ ទឹកលើសពី២៥ម៉ែត្រគូបក្នុង១ខែ មានកម្រិតជីវភាពលើសពីមធ្យម និងមានតម្រូវការប្រើប្រាស់ទឹកលើសពីតម្រូវការចាំបាច់ ដែលរួមមានការប្រើប្រាស់សម្រាប់សួនច្បារ អាងហែលទឹកជាដើម។
សម្រាប់អតិថិជនអាជីវកម្ម ការកែសម្រួលតម្លៃទឹកថ្មីនេះ ត្រូវបានរក្សាតម្លៃនៅដដែល សម្រាប់ការប្រើប្រាស់ក្នុងបរិមាណក្រោម១៥ម៉ែត្រគូបក្នុង១ខែ លើកលែងតែលើសពី១៥ម៉ែត្រគូប ក្នុង១ខែឡើងទៅ នឹងត្រូវដំឡើងថ្លៃ។ ក្រុមអ្នកប្រើប្រាស់មិនលើស ១៥ម៉ែត្រគូបក្នុង១ខែ ភាគច្រើនជាអាជីវកម្មលក្ខណៈគ្រួសារ ដែលបច្ចុប្បន្នមានចំនួនប្រមាណ១៦.៧ភាគរយ នៃចំនួនអតិថិជនអាជីវកម្មសរុប។ ចំណែកអ្នកប្រើប្រាស់ទឹកលើសពី១៥ម៉ែត្រគូបក្នុង១ខែ ត្រូវដំឡើងថ្លៃ ដែលអត្រាជាមធ្យមមានតម្លៃត្រឹមតែ១០៥៣រៀលក្នុងម៉ែត្រគូប គឺប្រមាណ០.២៦ដុល្លារក្នុង១ម៉ែត្រគូប ដែលតម្លៃថ្មីនេះ នៅតែទាបជាបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ដែលអត្រាជាមធ្យមមានចន្លោះពី 0.៣៤ដុល្លារក្នុង១ម៉ែត្រគូបទៅ ០.៩៤ដុល្លារក្នុង១ម៉ែត្រគូប លើកលែងតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលមានតម្លៃ ០.០៧ដុល្លារក្នុង១ម៉ែត្រគូប តែប្រទេសនេះក៏កំពុងរៀបចំផែនការដំឡើងដែរ។
សម្រាប់អតិថិជនជាក្រសួង ស្ថាប័នរដ្ឋ និងស្ថានទូត នឹងត្រូវដំឡើងថ្លៃផ្គត់ផ្គង់ទឹកស្អាត ពី១០៣០រៀលក្នុង១ម៉ែត្រគូប ដល់ ២៥០០រៀលក្នុង១ម៉ែត្រគូប ដែលការដំឡើងនេះ នឹងជួយពង្រឹងការសន្សំសំចៃ ចំណាយរបស់ក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា បច្ចុប្បន្ននេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបាន៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ខណៈតម្រូវការប្រើប្រាស់ទឹកកាន់តែរីកធំឡើងជារៀងរាល់ថ្ងៃ ដែលទាមទារនូវការវិនិយោគថ្មីៗបន្ថែមទៀត។
ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចឲ្យមានការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដោយជំហានទី១ ប្រើប្រាស់ថវិកា១៥៦លានដុល្លារ មានសមត្ថភាពផលិតទឹកស្អាតបានជាង១៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ និងជំហានទី២ ប្រើប្រាស់ថវិកាជាង១៤០លានដុល្លារថែមទៀត ដែលមានសមត្ថភាពជាង១៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃផងដែរ៕