(ត្បូងឃ្មុំ)៖ ដើម្បីពង្រឹងគុណភាពទំនិញ និងសុវត្ថិភាពម្ហូបអាហារលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ផ្សព្វផ្សាយអំពីការជ្រើសរើស និងរក្សាសុវត្ថិភាពម្ហូបអាហារដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក មាស មោរ៉ា បានថ្លែងបញ្ជាក់ថា មន្ត្រីកាំកុងត្រូល ធ្វើការចុះត្រួតពិនិត្យគុណភាពទំនិញជាគ្រឿងឧបភោគ និងបរិភោគ ដើម្បីធានាសុខភាពអ្នកទទួលទាន ក្នុងនោះពិនិត្យនៅលើបង្កង បង្គារ មឹក ត្រសក់ចាវ ជាលទ្ធផលមិនមានផ្ទុកសារធាតុគីមីហើយឃាត់នោះឡើយ។
ដោយឡែក បានបន្តពិនិត្យគុណភាពលើផលិតផលគ្រឿងកំប៉ុង ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដោយរកឃើញ និងដកហូតភ្លាមៗនូវទំនិញដែលហួសសុពលភាព និងខូចគុណភាព បានចំនួន២៣កំប៉ុង និង០៤ដប រួមមាន ទឹកផ្លែឈើ ស្រាបៀរ និងទឹកក្រូច ដើម្បីយកទៅកម្ទេចចោលផងដែរ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានធ្វើការបិទស្លាកសញ្ញាអប់រំអំពីគុណភាព សុវត្ថិភាពផលិតផលចំណីអាហារ ព្រមទាំងពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញជាគ្រឿងឧបភោគ និងបរិភោគ ក៍ដូចជាធ្វើការអប់រំ និងណែនាំដល់អាជីវករមុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕