(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនបុរសម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សាំង ឃុនឯកបុរី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ បេ១៤ បុរីសែនមនោរម្យ ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣១៣ អយក របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការពីបទ ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ZHOU YU DONG ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន។

ដើមចមដែលនាំឲ្យមានប្តឹង និងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ដោយសារតែជនសង្ស័យបានប្រើប្រាស់តួនាទីរបស់ខ្លួនជា ប្រធានផ្នែកគ្រប់គ្រងទូទៅ បានកិបកេងប្រាក់របស់ក្រុមហ៊ុន Awesome Global Food and Beverage Management Investment Co.,Ltd ដែលមានរបស់ជនរងគ្រោះ៕