(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្ស ធ្វើការពន្យារពេល ៦ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្មី នៃថ្នាក់ដឹកនាំរបស់ខ្លួនជូនក្រសួងមហាផ្ទៃ។

ការពន្យារពេលនេះ ត្រូវគិតចាប់តាំងពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់ប្រធានគណបក្សសិទ្ធិមនុស្ស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។

បើតាមលិខិតសម្តេចក្រឡាហោម ស ខេង «ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាព ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស តាមរយៈលិខិតដូចបានយោងខាងលើ។ ពាក់ព័ន្ធករណីនេះ ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្ស ពន្យារពេល៦ខែ ក្នុងការបំពេញលក្ខខណ្ឌដែលកំណត់ ក្នុងបទប្បញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយគិតពីថ្ងៃជូនដំណឹងនេះ រហូតដល់ខែមិថុនា ឆ្នាំ២០២០»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ គណបក្សសិទ្ធិមនុស្ស បានផ្ញើលិខិតមួយទៅកាន់ក្រសួងមហាផ្ទៃ ដោយសុំពន្យារពេល ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាព ថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ទៅកាន់ក្រសួងមហាផ្ទៃមួយរយៈសិន បន្ទាប់ពីប្រធានគណបក្សនេះ គឺលោក សឺន ស៊ូបែរ្តិ៍ ស្នើសុំលាលែងពីតំណែង។

អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង ប្រធានគណបក្សសិទ្ធិមនុស្សបាននៅឡើយទេ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ។ ចំណែក លោក សឺន ស៊ូបែរ្តិ៍ បានបញ្ជាក់ថា លោកបានលាលែងពីប្រធានគណបក្សសិទ្ធិមនុស្សរួចរាល់ហើយ ដោយពុំបានដឹងរឿងគណបក្សនេះនោះទេ។ លោកអះអាងថា បច្ចុប្បន្នលោកជាទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនពាក់ព័ន្ធរឿងនយោបាយទេ។

គណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០០៧។ ទោះបីជាយ៉ាងនេះក្តី កាលពីឆ្នាំ២០១២ លោក កឹម សុខា បានសម្រេចរួបរួមជាមួយគណបក្ស សម រង្ស៉ី បង្កើតជាគណបក្សសង្រ្គោះជាតិ ដោយទុកគណបក្សសិទ្ធិមនុស្សជាផ្លូវក្រោយជូនលោក សឺន ស៊ូបែរ្តិ៍ ជាអ្នកដឹកនាំ៕

ខាងក្រោមនេះជាលិខិតក្រសួងមហាផ្ទៃ៖