(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូរដ្ឋបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ស៊ូ អារ៉ាហ្វាត់ អភិបាលស្តីទីខេត្តបាត់ដំបង និងប្រតិភូថៃដឹកនាំដោយលោក ភឆៀន លឹមវាំងយូ អភិបាលខេត្តត្រាត
ជំនួបនេះ មានការចូលរួមពីសំណាក់លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ បញ្ជាការង កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មន្ទីរ អង្គភាព លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ ជាច្រើនរូបទៀត។
លោក ស៊ូ អារ៉ាហ្វាត់ បានសម្តែងនូវការស្វាគមន៍ដល់ លោក ភឆៀន លឹមវាំងយូ អភិបាលខេត្តត្រាត ដែលបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយ រដ្ឋបាលខេត្តបាត់ដំបង នាពេលនេះ ដើម្បីពង្រឹងរិតចំណងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងពីរ ។
លោកអភិបាលស្តីទី បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំ ពិភាក្សាការងារនាឱកាសនេះ គឺដើម្បីពង្រឹងរិតចំណងសម្ព័នមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តត្រាត នៃព្រះរាជាណាចក្រថៃ។
ក្នុងនោះផងដែរ លោកក៏បានថ្លែងអំណរគុណ ដល់លោក ភឆៀន លឹមវាំងយូ អភិបាលខេត្តត្រាត ដែលបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបាត់ដំបង នាពេលនេះផងដែរ។
លោក ក៏បានថ្លែងអំណរគុណដល់អភិបាលខេត្តត្រាត ព្រមទាំងកងកម្លាំង សមត្ថកិច្ចថៃ ទាំងអស់ដែលបានសហការការពារ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ការការពារ និងទប់ស្កាត់បទល្មើសគឿងញៀនខុសច្បាប់ ការឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសផ្សេងៗ ជាពិសេសការបង្ការ ទប់ស្កាត់បាននូវផែនការចង់បំផ្លាញសន្តិភាព នៅប្រទេសកម្ពុជាកន្លងមក ឲ្យទទួលបរាជ័យ។
លោក ស៊ូ អារ៉ាហ្វាត់ ក៏បានស្នើដល់អាជ្ញាធរខេត្តត្រាត ធ្វើយ៉ាងណាបន្តពង្រឹងសម្ព័នមេត្រីភាព កិច្ចសហប្រតិបត្តការ រវាងខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត នៃព្រះរាជាណាចក្រថៃ និងបង្កើតកិច្ចសហប្រតិបត្តិការ តាមរយៈគោលការណ៍ភូមិសរ ដើម្បីចូលរួមទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន នៅតាមមូលដ្ឋានព្រំដែនផងដែរ។
លោក ភឆៀន លឹមវាំងយូ អភិបាលខេត្តត្រាត បានថ្លែងអំណរគុណលោក ងួន រតនៈ អភិបាលខេត្ត ដែលបានសម្របសម្រួល ឲ្យរដ្ឋបាលខេត្តទាំងពីរ បានជួបពិភាក្សាការងារ និងសិក្សាស្វែងយល់ពីសក្តានុពលខ្លាំង លើគ្រប់វិស័យក្នុងខេត្តបាត់ដំបង។
លោក ភឆៀន លឹមវាំងយូ បានបន្តថា កន្លងមករដ្ឋបាលខេត្តត្រាត និងរដ្ឋបាលខេត្តបាត់ដំបង បានបង្កើតកិច្ចសហប្រតិបត្តិជាមួយគ្នាបានយ៉ាងល្អប្រសើរ ក្នុងគោលនយោបាយអាស៊ានគឺយើងបានអនុវត្តរួមគ្នា ជាពិសេសនាពេលថ្មីៗនេះ មានកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ដែលគោលបំណងនៃកិច្ចប្រជុំនោះមាន៣ចំណុចធំៗ ដែលបានសហប្រតិបត្តិការជាមួយគ្នាគឺ៖
ទី១៖ គឺកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ
ទី២៖ គឺកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច
ទី៣៖ គឺកិច្ចសហប្រតិបត្តិការវិស័យសង្គម និងវប្បធម៌ ។
លោក ភឆៀន លឹមវាំងយូ បានជម្រាប និងអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង ទៅទស្សនកិច្ចនៅខេត្តត្រាត ក្នុងខណៈលោកទើបបានចូលកាន់តំណែង ជាអភិបាលខេត្តថ្មីៗនេះផង ។
បន្ទាប់ពីបានប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរួមគ្នាហើយ ព្រមទាំងបានអញ្ជើញទស្សនា អគារសាលាខេត្តចាស់ ដែលបានកសាងតាំងពីជំនាន់បារាំងគ្រប់គ្រងខ្មែរ ក្នុងអំឡុង១៩០៥កន្លងមកផងដែរ៕