(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាគ្រូណែនាំ និងជំនាញទំនាក់ទំនង» ជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត និងសាកលវិទ្យាល័យ អេមម៉ូរី (Emory) របស់សហរដ្ឋអាមេរិក។
ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានវាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូង្គោល ដែលអញ្ជើញមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Emory សម្រាប់ការចែកចាយចំណេះដឹង ដើម្បីធានាគុណភាពសមស្រប ទៅនឹងស្តង់ដារអនុ្តរជាតិ ក្នុងការបង្គើនទំនាញទំនាក់ទំនង និងភាពជាគ្រូណែនាំដល់ក្រុមគ្រូពេទ្យ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា តាមរយៈកម្មវិធីសិក្ខាសាលា ដែលបានធ្វើជាច្រើនវគ្គកន្លងមក បានបញ្ជាក់ឲ្យឃើញពីទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងមន្ទីរពេទ្យទាំងពីរ ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យ របស់កម្ពុជា បានស្រូបយកចំណេះដឹងបន្ថែម ពីផ្នែកសុខាភិបាលឲ្យស្របទៅតាមសម័យកាល និងបច្ចេកវិទ្យាទំនើបដូចបណ្តាប្រទេសនានា ដែលកំពុងអនុវត្ត ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុនហេង បានបន្តថា ជាការពិតណាស់ ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់សេវាថែទាំល្អ ដល់អ្នកជំងឺទំនាក់ទំនងល្អ ជាមធ្យោបាយនាំទៅកាន់ការអភិវឌ្ឍ នៃការធ្វើរោគវិនិច្ឆ័យប្រកបដោយភាពជាក់លាក់មួយ។
លោករដ្ឋមន្ដ្រី បានលើកឡើងថា វគ្គសិក្សានេះ មានសារសំខាន់ណាស់ព្រោះថា បន្ទាប់ពីបញ្ចប់វគ្គសិក្សារួចសិក្ខាកាមទាំងអស់ នឹងក្លាយជាគ្រូពេទ្យគំរូ ដែលមានសក្តានុពលក្នុងការសម្រេចចិត្តនូវគោលការណ៍ និងទម្លាប់អនុវត្តន៍ផ្សេងៗ ហើយថែមទាំងមានឱកាសបន្តការសិក្សា និងអនុវត្តន៍ជំនាញថ្មីៗ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា សកម្មភាពទាំងនេះ ជាកាយវិការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការព្យាបាលជំងឺជូន ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល ក្រោមគោលនយោបាយ និងម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្តីពី ភាពជាគ្រូណែនាំ និងជំនាញទំនាក់ទំនង ជូនដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ បានប្រព្រឹត្តទៅតាមទម្រង់ ថ្នាក់រៀនបែបទ្រឹស្ដី ដោយមានការរួមបញ្ចូលទាំងវគ្គសិក្សាដំបូងចំនួន៤វគ្គ និងការចូលរួមបែបក្លឹបសិក្សារៀងរាល់ មួយខែម្ដងរយៈពេល១០ខែ។
អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្ថែមទៀតថា ចំណែកវគ្គសិក្សាចុងក្រោយនេះ មានរយៈពេល៤ថ្ងៃ និងមានបទបង្ហាញសង្ខេប ពីគោលបំណងរបស់វគ្គបណ្ដុះបណ្ដាលទាំងមូលជូនដល់ អ្នកពាក់ព័ន្ធផ្នែកសុខាភិបាល ដែលអញ្ជើញមកពីរាជធានី-ខេត្ត៕