(ស្វាយរៀង)៖ ក្រុមហ៊ុន Cellcard នឹងរៀបចំកម្មវិធីប្រកួត Super Data Race ជាលើកទី៧ នៅក្នុងវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលនឹងចាប់ផ្ដើម ពីម៉ោង៤រសៀលតទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Cellcard ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះ។

យុវជន-យុវនារី រាប់រយនាក់ បានធ្វើការចុះឈ្មោះចូលក្នុងកម្មវីធីនេះ ដែលត្រូវបានរៀបចំដើម្បីបង្ហាញថាបណ្តាញ 4G LTE របស់ប្រព័ន្ធសែលកាត គឺជាបណ្តាញអ៊ីនធើណេតដ៏លឿន ក៏ដូចជាដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួម ឈ្នះរង្វាន់ ពិសេសៗជាច្រើនផងដែរ។

មិនខុសពីកម្មវីធីប្រកួតរបស់សែលកាត ដែលបានរៀបចំកន្លងមកនោះទេ កម្មវីធីប្រកួតលើកនេះ នឹងបញ្ចប់ទៅដោយមាន ការប្រគំតន្ត្រីពិសេសខ្នាតតូច ដែលនឹងមានការអញ្ជើញចូលរួមពី អ្នកនិពន្ធបទចម្រៀង លោក ថេណា (Tena) និងតារាតំណាងរបស់សែលកាតគឺ កញ្ញា រ៉េត ស៊ូហ្សាណា ក៏ដូចជា តារាអ៊ីនធើណេត (NetIdols) ដូចជាលោក រ៉េននី ដារា (Rainie Dara) និង លោក ប៊ុន ឡេង (Bunleng)។

ជាមួយនឹងសន្ទុះ នៃការចុះឈ្មោះចូលរួមបច្ចុប្បន្ននេះ សែលកាត រំពឹងថា កម្មវិធី Super Data Race លើកនេះ នឹងទទួលបានអ្នកចូលរួមច្រើនជាង កម្មវិធីលើកមុនដែលធ្វើឡើង នៅក្នុងខេត្តកំពង់ចាមទៅទៀត។ រង្វាន់សម្រាប់អ្នកឈ្នះមានដូចជា៖ ទូរស័ព្ទ iPhone 11 Pro, iPad, ទូរស័ព្ទ Huawei Nova 3i, កាស AirPod និង ឈ្នះកាតកោសសែលកាត ដែលមានទឹកប្រាក់១០០ដុល្លារ។

កម្មវិធីជំនួបតារាពិសេស នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ នៅហាង Coffee Today ក្នុងក្រុងស្វាយរៀង ដែលក្នុងអំឡុងពេលនោះ អ្នកគាំទ្រនឹងមានឱកាសថតរូប selfies ជាមួយលោក ថេ ណា និងកញ្ញា រ៉េត សូហ្សាណា, លោក រ៉េននី ដារា និងលោក ប៊ុន ឡេង។ ក្នុងពេលជាមួយគ្នានេះ សែលកាតនឹងធ្វើការចែកអាវយឺតមួយចំនួន ដែលមានហត្ថលេខារបស់ពួកគាត់ផងដែរ។

លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា «Super Data Race ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់យុវជន ដោយសារយើងប្រារព្ធកម្មវិធីនេះ នៅតាមខេត្តផ្សេងៗនៅកម្ពុជា។ នេះគឺជាវិធីសាស្រ្តមួយ ដែលធ្វើឲ្យទទួលបានអ្នកគាំទ្រ និងការចូលរួមជាច្រើន នៅក្នុងកម្មវិធីរាល់លើក»

លោក អៀន វ៉ាត់សុន បានបន្ថែមទៀតថា «កម្មវិធី Super Data Race នេះ គឺជាយុទ្ធសាស្ត្ររបស់ សែលកាត ដើម្បីទាក់ទាញអតិថិជនឲ្យបានស្គាល់ពីបណ្តាញ 4G LTE របស់សែលកាត ដែលជាបណ្តាញអ៊ីនធើណេត លឿនបំផុតនៅកម្ពុជា»

លោកថា «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីនេះ នៅខេត្តស្វាយរៀង ហើយក៏សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស នៅវិទ្យាល័យស្វាយរៀងទាំងអស់គ្នា។ យើងជឿជាក់ថា ពួកគាត់ ក៏រីករាយដូចសែលកាត ក្នុងការដែលសាលារបស់គាត់ ត្រូវបានជ្រើសរើសសម្រាប់រៀបចំកម្មវិធីនេះ»

ដើម្បីចូលរួមកម្មវិធីនេះ អ្នកចូលរួមត្រូវទាញយកកម្មវិធី Super Data Race ពី Google Play ឬក៏ iOS App។ បន្ទាប់មក បេក្ខជនទាំងអស់ ត្រូវចុះឈ្មោះជាមួយ លេខទូរស័ព្ទរបស់ប្រព័ន្ធសែលកាត ហើយចុងក្រោយ ទៅយកសម្ភារប្រកួតនៅស្តង់សែលកាត នៅក្នុងវិទ្យាល័យស្វាយរៀង៕