(ភ្នំពេញ)៖ រាល់ល្បែងស៉ីសងគ្រប់ប្រភេទ បើពិតជាកើតមានឡើងនៅតាមបណ្ដាភូមិចំនួន៣០ភូមិ ស្ថិតក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ពេលនេះអាចប្រឈមការបង្ក្រាប ឬបិទចោលទាំងស្រុង បន្ទាប់ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដាក់ឱសានវាទរយៈពេល១ខែ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវដើម្បីឈានទៅអនុវត្តវិធានការ «ភូមិ-សង្កាត់គ្មានល្បែងស៉ីសង» ដើម្បីបង្ក្រាបតាមសេចក្ដីណែនាំរបស់ សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ។
ការដាក់ឱសានវាទរយៈពេល១ខែ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវដើម្បីឈានទៅអនុវត្តវិធានការ «ភូមិ-សង្កាត់គ្មានល្បែងស៉ីសង» តាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃខាងលើនេះ បានធ្វើឡើងក្នុងឱកាសលោកអភិបាលរងខណ្ឌឫស្សីកែវរូបនេះ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីអធិការរងនគរបាលខណ្ឌ ប្រធានការិយាល័យជុំនាញជុំវិញខណ្ឌ នាយករងរដ្ឋបាលខណ្ឌ នាប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ ចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិផងដែរ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនេះ លោក ប្រាជ្ញ សីហា បានសង្កត់ធ្ងន់ថា យោងតាមសេចក្ដីណែនាំ ពីសាលារាជធានីភ្នំពេញ សូមឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវបង្ក្រាបបិទចោល នូវទីតាំងល្បែងមួយចំនួន ដែលកំពុងបើកលេង បើមិនអាចទេត្រូវផ្ដល់ជារបាយការណ៍ មករដ្ឋបាលខណ្ឌ ក្នុងមួយអាទិត្យម្ដងដើម្បីមានវិធានការបន្ត។
លោកអភិបាលរងខណ្ឌឫស្សីកែវរូបនេះថា ទី១៖ ជាទីតាំងល្បែងអនឡាញ (ភ្នាល់បាល់) ស្ថិតនៅផ្ទះលេខ5B ក្រុម៥ ភូមិ៥ សង្កាត់ច្រាំងចំរេះទី១ និងល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម) កើតមានឡើងនៅសង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែ និងទី២៖ ពិសេសល្បែងហ្គេមបាញ់ត្រី ដែលមានយីហោអក្សរ «N» និងយីហោអក្សរ «LY» ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក។
គួរជម្រាបថា ពាក់ព័ន្ធវិធានការរបស់គណៈបញ្ជាការឯកភាពខណ្ឌ ក្នុងការបង្ក្រាបល្បែងនេះដែរ បើក្រលេកទៅមើលពីគ្រប់មជ្ឈដ្ឋានទូទៅ បានលើកឡើង តៗគ្នាថា រាល់ល្បែងស៉ីងសងទាំងឡាយ ដូចជាកន្ទុយលេខ ហ្គេមបាញ់ត្រី ឬហ្គេមអ៉ីនធឺណែតជាដើម ដែលអាចកើតមានឡើងនោះ មិនមែនជាអ្នកតូចតាចអាចបើកដំណើរការបាននោះទេ គឺភាគច្រើននូវរាល់ល្បែងស៉ីសងគ្រប់ប្រភេទទាំងនេះ អាចបើកដំណើរការទៅបានដោយរលូន សុទ្ធសឹងតែជាអ្នកមានលុយមានបក្ខពួកខ្សែធំៗ ទើបអាចបើកបាន៕