(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្មថ្មី ប្រកាន់ខ្ជាប់នូវវប្បធម៌សាមគ្គីភាព និងភាតរភាព ក្នុងពេលបំពេញកាតព្វកិច្ចនៅក្រៅប្រទេស ហើយត្រូវខិតខំជំរុញ ការនាំចេញផលិតផលខ្មែរ និងជួយកៀងគរវិនិយោគិន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកធ្វើពិពិធកម្មឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន និងប្រទេសជាតិ។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលទើបទទួលបានការតែងតាំង ឲ្យទៅបម្រើការងារជាទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំនៅបរទេស។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរ និងលើកទឹកចិត្តតំណាងពាណិជ្ជកម្មទាំងអស់ ធ្វើការសិក្សាអំពីគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រជាតិផ្សេងៗ ជាពិសេសយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្ម CTIS ថ្មីឆ្នាំ ២០១៩-២០២៤ ដើម្បីជាពុទ្ធិចែករំលែកដល់អ្នកការទូត ធុរជន និងវិនិយោគិនបរទេស ហើយត្រូវចេះធ្វើទំនាក់ទំនងគ្នាជាប្រចាំ ដើម្បីផ្លាស់ប្តូរព័ត៌មាន រាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមជូនថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់ទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្ម ធ្វើការស្មោះត្រង់ចំពោះជាតិ និងត្រូវប្រកាន់ឥរិយាបទទន់ភ្លន់ជានិច្ច ជាមួយសមានចិត្តទូលំទូលាយ ដើម្បីជួយយកអាសារប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរ ដែលកំពុងប្រកបការងារ ឬធ្វើធុរកិច្ចនៅក្រៅប្រទេស ក៏ដូចជាការធ្វើទំនាក់ទំនងជាមួយមន្ត្រីអនុព័ន្ធមកពីវិស័យផ្សេងៗ នៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជា។
លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ ដូច្នះត្រូវមានភាពអំណត់ និងចេះជួយគ្នាទៅវិញទៅមក ហើយត្រូវចេះបត់បែន និងគ្រប់គ្រងសភាពការណ៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រោះទីណាដែលមានការលំបាក ទីនោះជាឱកាសសម្រាប់បង្ហាញស្នាដៃជូនថ្នាក់ដឹកនាំក្រសួង រាជរដ្ឋាភិបាល និងប្រជាជន»។
ក្រៅពីផ្តល់អនុសាសន៍ដ៏មានអត្ថន័យខាងលើ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជូនពរដល់ទីប្រឹក្សា និងអនុព័ន្ធពាណិជ្ជកម្មថ្មី ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច និងបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា វត្តមានរបស់ស្ថានតំណាងពាណិជ្ជកម្ម នៅតាមបណ្តាស្ថានឯកអគ្គរាជទូតកម្ពុជា នឹងនាំមកនូវវឌ្ឍនភាពកាន់តែប្រសើរថែមទៀត សម្រាប់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិ៕