(កំពង់ចាម)៖ បទល្មើសនេសាទខុសច្បាប់ (លូស្បែមុង) មួយកន្លែងស្ថិតក្នុងភូមិរាយប៉ាយលើ និងភូមិទូលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពង់ចាមចុះបង្ក្រាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ ចុះបង្ក្រាបតែម្ដង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុងចំនួន១៧មាត់, ព្រួលស្បៃចំនួន៥៩០ម៉ែត្រ និងលែងកូនត្រីចូលព្រែក ចំនួន១២០គីឡូក្រាម។ ចំពោះវត្ថុតាងខាងលើ សមត្ថកិច្ចបានបង្កើតគណៈកម្មការធ្វើការដុតបំផ្លាញចោល ដោយមានការឯកភាព ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕