Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មាន បើកភ្លើងខៀវឱ្យវិទ្យុខ្មែរប៉ុស្តិ៍ បើកដំណើរការនៅកម្ពុជា ប៉ុន្តែត្រូវបំពេញឯកសារតាមផ្លូវច្បាប់ (Video inside)

22-11-2019 15:45

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យវិទ្យុខ្មែរប៉ុស្តិ៍ បើកដំណើរការនៅកម្ពុជា ប៉ុន្តែត្រូវតែបំពេញលិខិតស្នាមតាមផ្លូវច្បាប់។ នេះបើតាមលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា

ការអនុញ្ញាតនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែល លោក ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក មាជ សុវណ្ណារ៉ា ស្ថាបនិក និងជានាយកគ្រប់គ្រង នៃមជ្ឈមណ្ឌលខ្មែរប៉ុស្តិ៍ ប្រចាំទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិច ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីកម្រោងបើកការិយាល័យវិទ្យុខ្មែរប៉ុស្ដិ៍ ទ្បើងវិញប្រចាំនៅទីក្រុងភ្នំពេញ ដែលជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជួបជាមួយខ្មែរប៉ុស្តិ៍ព្រឹកមិញនេះទីមួយ គឺជាការជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខ ឯកឧត្តមរដ្ឋមន្ត្រី ទន្ទឹមនឹងនោះក៏ស្នើសុំនូវការគាំទ្រឲ្យខ្មែរប៉ុស្តិ៍អាចដំណើរការផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រសំណើនេះ ក៏ប៉ុន្តែក៏ឲ្យតំណាងខ្មែរប៉ុស្តិ៍ត្រូវតែបំពេញ លិខិតស្នាមតាមផ្លូច្បាប់ ដែលមានជាធរមាន»

សូមបញ្ជាក់ថា វិទ្យុខ្មែរប៉ុស្តិ៍ បានផ្អាកការផ្សាយរបស់ខ្លួន តាមរលកធាតុអាកាស FM 105 នៃវិទ្យុសំបុកឃ្មុំនៅកម្ពុជា តាមការបញ្ឈប់ផ្អាកការផ្សាយពីក្រសួងព័ត៌មាន តាំងពីឆ្នាំ២០១២ ហើយក្រោយមកធ្វើការផ្សព្វផ្សាយតាមរលកធាតុអាកាសខ្លីប្រព័ន្ធ Short Wave និងអន្តរបណ្តាញ Online ពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕