(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការពន្យារពេលសម្រាប់ស្នើសុំ ការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២០ ដល់ម្ចាស់ ឬនាយកសហគ្រាស, គ្រឹះស្ថាន រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអង្គភាពព័ត៌មានទទួលបាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការប្រកាសពន្យារពេលរបស់ក្រសួងការងារ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានមួយចំនួននៅមានភាពយឺតយ៉ាវ ក្នុងការដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២០។ ចំពោះស្ថានភាពបែបនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានថា ក្រសួងបានពន្យារពេលសម្រាប់ការស្នើសុំ លិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) សម្រាប់ឆ្នាំ២០២០ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងឡាយដែលមានសេចក្ដីត្រូវការ ប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា)ម្រាប់ឆ្នាំ២០២០ ត្រូវប្រញាប់ដាក់សំណើសុំការអនុញ្ញាត ប្រើប្រាស់ហត្ថពលកម្មបរទេស ឲ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាកំហិត។ ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាត និងប្រើប្រាស់ហត្ថពលកម្មបរទេសដោយខុសច្បាប់ ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោសប្បញ្ញត្តិ ក្នុងជំពូកទី១៦នៃច្បាប់ស្ដីពីការងារ៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖