(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅចៅសង្កាត់ ឲ្យចេះរកវិធីសាស្ត្រក្នុងការបែងចែកការងារទៅឱ្យសហការីធ្វើ និងទទួលខុសត្រូវ ព្រោះការងារនៅមូលដ្ឋានមានច្រើន មិនមែនពូកែតែម្នាក់ឯងធ្វើបានជោគជ័យនោះទេ។
ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសបើកមហាសន្និបាតអាណត្តិទី៣ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ គឺសុទ្ធតែជាប្រតិបត្តិករ និងជាអ្នករស់នៅជិតដិតនៅមូលដ្ឋាន ជាមួយប្រជាពលរដ្ឋ និងជាអ្នកផ្តល់សេវា ឱ្យប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈដែលតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្ពស់ ទៅតាមការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ ខុសពីប្រជាពលរដ្ឋនៅតាមខេត្ត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏រងចាំផ្តល់ពិន្ទុវាយតម្លៃទៅលើការដឹកនាំអនុវត្តការងារថ្នាក់មូលដ្ឋាននេះដែរ។ ដូច្នេះអាជ្ញាធរសង្កាត់ ត្រូវបង្កើនចំណេះដឹងលើសមត្ថភាពដឹកនាំ និងចេះសិល្បៈ នៃការដឹកនាំធ្វើឱ្យសំរេចបានជោគជ័យទាំងការអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានក្រើនរំលឹកជាថ្មីទៀត ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវសំខាន់ៗទាំង ១១ខ្សែ ក្នុងក្រុងសុំឱ្យអាជ្ញាធរសង្កាត់ ខណ្ឌ បន្តយកចិត្តទុកដាក់រៀបចំដោយកំណត់ថា ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ មិនមែនជាឱនភាព តែជាឧត្តមភាព សម្រាប់ទទួលបានប្រជាប្រិយ៍ភាព សម្រាប់ការបោះឆ្នោតក្នុងគោលដៅ រំដោះចិញ្ចើមផ្លូវ ពីការរំលោភបំពាន និងធ្វើឱ្យទីក្រុង មានសណ្តាប់ធ្នាប់ល្អ។
គួរបញ្ជាក់ថា មហាសន្និបាតនេះ មានគោលបំណងលើកកម្ពស់ឋានៈ និងការអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់ របស់សមាជិកសមាគម, កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាឱកាសវាយតម្លៃលទ្ធផល ការងាររយៈពេល៥ឆ្នាំកន្លងមក របស់សមាគម ក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ រួមទាំងការបោះឆ្នោតជ្រើសរើសប្រធាន, អនុប្រធាន និងសមាជិកក្រុមប្រឹក្សា របស់សមាគម រួមទាំងការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមផងដែរ៕