(សៀមរាប)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប, អភិបាលស្រុកប្រាសាទបាគង និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ បានអញ្ជើញចុះទៅសួរសុខទុក្ខ ស្វែងយល់ពីស្ថានភាពក្រុមស្ត្រីអុំទូក និងសក្តានុពលទេសចរណ៍ នៅសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។

គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

សហគមន៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ តាមរយៈការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបនិរន្តភាព និងមានការទទួលខុសត្រូវខ្ពស់។

គិតត្រឹមឆ្នាំ២០១៩នេះ នៅក្នុងឃុំមានប្រជាពលរដ្ឋសរុបចំនួន៩៦១គ្រួសារ។ ជារៀងរាល់ឆ្នាំឃុំនេះ លិចទឹកចាប់ពាក់កណ្តាលខែមិថុនា ដល់ខែមករា ដែលធ្វើឲ្យប្រជាជនប្រមាណ៩៦% ប្រកាន់យករបរនេសាទ ហើយក្រៅពីនេះប្រកបរបរបន្ទាប់បន្សំដូចជា៖ វារីវប្បកម្មតាមរយៈការចិញ្ចឹមត្រី, ធ្វើចំការសណ្តែក, កែច្នៃផល និងអនុផលនេសាទតាមរយៈការធ្វើប្រហុក ផ្អក ត្រីឆ្អើរ បង្គាក្រៀម ការលក់គ្រឿងទេស និងអាជីវកម្មសេវាកម្មទេសចរណ៍ ដោយសហគមន៍នេះ មានភាពទាក់ទាញដល់អ្នកទេសចរអាចទស្សនាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន នៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗ នៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេស គឺអាចទស្សនាផ្ទៃបឹងទន្លេសាប ដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ចឹមត្រី រួមជាមួយទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក មានផលិតផល និងសេវាកម្មសម្រាប់ភ្ញៀវទេសចរ ដូចជា៖
*សេវាកម្មកាណូតដឹកភ្ញៀវទេសចរកម្សាន្ត
*សេវាកម្មទូកអុំកម្សាន្តក្នុងភូមិ និងក្នុងព្រៃលិចទឹក
*សេវាកម្មផ្ទះស្នាក់ ម្ហូបអាហារ និងភេសជ្ជជាដើម។

ចំពោះលក្ខណៈពិសេសប្លែកគេរបស់សហគមន៍ ហើយដែលភ្ញៀវទេសចរជាតិ អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ក្នុងភូមិមើលទេសភាព និងព្រៃលិចទឹកដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់ ក្នុងចំណោមទូកចំនួន៩៦១។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរ ដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណៈស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពល ដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាលផ្តល់នូវភាពកក់ក្តៅ។

ភ្ញៀវទេសចរ ក៏អាចចូលរួមអុំទូកលេងកម្សាន្តដោយខ្លួនឯង បានជាមួយពួកគាត់ផងដែរ។ បើតាមការសាកសួរភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍ ពេញចិត្តយ៉ាងខ្លាំង ហើយវាជាគោលដៅទេសចរណ៍ ដែលពួកគាត់បានត្រឡប់មកជាច្រើនលើកច្រើនសារ។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក បានតាមរយៈ រថយន្ត រ៉ឺម៉ក ឬម៉ូតូដោយប្រើរយៈពេលប្រមាណជា ២៥នាទីពីទីរួមខេត្តទៅកាន់ចំណតកាណូតរបស់សហគមន៍ ហើយបន្ទាប់មកយើងធ្វើដំណើរតាមកាណូតទៅកាន់សហគមន៍ ដោយប្រើរយៈពេលប្រមាណ ២០នាទីទៀត ទើបយើងទៅដល់សហគមន៍កំពង់ភ្លុក៕