(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការឧបត្ថម្ភគាំទ្រពីទីក្រុងគីតាគ្យូស៊្យូនិងJICA ប្រទេសជប៉ុនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធលូ និងបរិស្ថានទឹកក្នុងរាជធានីភ្នំពេញ នៅបរិវេណសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើតផងដែរ។
ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើត ខណ្ឌបឹងកេងកង ដោយមានអ្នកចូលរួមមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមការងារJICA មន្ទីរបរិស្ថានចៅសង្កាត់មេភូមិសង្កាត់បឹងត្របែក ចៅសង្កាត់ មេភូមិសង្កាត់ផ្សារដើមថ្កូវ និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សាហ៊ុននាងបឹងត្របែកខាងកើត សរុបចំនួន២៥០នាក់។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីនេះដែរក៏មានការតាំងពិព័ណ៌ល្បែងកំសាន្តសំណួរល្បងប្រាជ្ញាពាក់ព័ន្ធ និងបរិស្ថានទឹក និងការរើសសំរាមនៅតាមជុំវិញបរិវេណសាលាតាមដងប្រឡាយបឹងត្របែក និងទស្សនកិច្ចសិក្សានៅស្ថានីយ៍បូមទឹកថែមទៀតផង៕