(ភ្នំពេញ)៖ មន្ទីរសង្គមកិច្ចអតីតយុទ្ឋជន និងយុវនិតិសម្បទារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបពិធីចាប់ឆ្នោតប្រគល់-ទទួលផ្ទះ ជូនដល់សមាជិកសមាគមអតីត យុទ្ធជនកម្ពុជា រាជធានីភ្នំពេញក្រីក្រ ចំនួន១០១គ្រួសារទាំង១៤ខណ្ឌ ក្រោមវត្តមានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ ស.អ.ក រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងលោក ស ថេត ប្រធានសមាគមសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
ក្នុងការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង និងលោក ស ថេត បានឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្រង់ទិន្នន័យសម្រាប់អតីតយុទ្ឋជន ក្នុងបន្ទាត់ ក្រ១ ក្រ២ ឲ្យបានជាក់លាក់ តម្លាភាព សុច្ចរិតភាព ដើម្បីឲ្យសមាជិកសមាគមមានទីលំនៅឲ្យបានត្រឹមត្រូវ។
ក្នុងនោះ សមាគមរៀបចំជា ៣ដំណាក់កាល រួមមាន៖
ទី១៖ ផ្តល់ទៅដល់គ្រួសារដែលមិនមានដី មិនមានផ្ទះ គាត់ស្ម័គ្រចិត្តទៅទទួលការតាំងលំនៅថ្មី នៅខេត្តឧត្តរមានជ័យ។
ទី២៖ គិតគូរដល់គ្រួសារអតីតយុទ្ឋជនដែលមានដី មានផ្ទះហើយ ប៉ុន្តែផ្ទះគាត់ចាស់ទ្រុតទ្រោម គាត់ត្រូវការជួសជុល។
ទី៣៖ គ្រួសារដែលមានដី ហើយគាត់ត្រូវការសាងសង់។
ឥឡូវនេះ សម្រាប់រាជធានីភ្នំពេញ បានបោះជំហានផ្តល់អាទិភាពទី១ សម្រាប់អ្នកជាសមាជិកសមាគមអតីតយុទ្ឋជន ដែលលោកអត់មានដីសោះ អត់មានផ្ទះសោះ ហើយគាត់បានដាក់ពាក្យស្នើសុំ ហើយគាត់ស្ម័គ្រចិត្តព្រមទៅតាំងទីលំនៅនៅឯខេត្ត ដោយសម្រេចបានការសាងសង់ផ្ទះ ជូនដល់អតីតយុទ្ឋ និងគ្រួសារ ចំនួន ១០១គ្រួសារ ដែលស្ថិតនៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី បានថ្លែងថា ថ្ងៃនេះ គឺជាការចាប់ផ្តើមចាប់ឆ្នោតទទួលយកផ្ទះ ដោយហេតុថា មានផ្ទះខ្លះនៅកាច់ជ្រុង មានជួរទី១ ជួរទី២។ ដូច្នេះដើម្បីតម្លាភាព សុច្ចរិតភាព ក្រុមការងារបានដាក់សន្លឹកឆ្នោត មានភ្ជាប់ដោយលេខ ដើម្បីចាប់ឆ្នោត ហើយអ្នកចាប់បានលេខណា គឺលេខនោះ ពិសេសទទួលបានដោយអារម្មណ៍កក់ក្តៅថា ខ្លួនមានផ្ទះរស់នៅហើយ ។
លោកស្រីប្រធានមន្ទីរ បញ្ជាក់ថា ផ្ទះបានសង់រួចរាល់ហើយ និងមានសោភាពស្រស់ស្អាត ដែលមានទំហំផ្ទះ ៤ម៉ែត្រគុណ៦ម៉ែត្រ ក្នុងទំហំដី ៣០ម៉ែត្រ គុណ៨០ម៉ែត្រ ដោយមានដាំដើមស្វាយ ២០ដើម និងមានស្រះទឹកមួយដ៏ធំ ហើយក្នុងនោះផងដែរ ដោយបានគិតគូរអំពីដីបង្កបង្កើនផល ក្នុងមួយគ្រួសារបាន ២ហិកតា។ ក្នុងន័យនេះ សម្តេចតេជោបានគិតគូរដល់អតីតយុទ្ឋជន ដែលលោកមានគុណបំណាច់ចំពោះប្រទេសជាតិ ប្រជាជន ដោយមិនទុកឲ្យរស់នៅឯកោ ឬអត់ទីលំនៅនោះទេ។
លោកស្រី មុំ ចាន់ដានី បន្តថា «សូមបងប្អូនកុំគិតថា ខ្លួនឯកោ ម្នាក់ឯង ជាធម្មតាការតាំងទីលំនៅថ្មី យើងមានអារម្មណ៍ថាឯកោតិចហើយ ព្រោះយើងនៅរាជធានីភ្នំពេញទេ ប៉ុន្តែនោះហើយជាផ្ទះពិត នោះហើយជាដីពិតរបស់លោកពូ អ្នកមីង ដែលជាសមាជិកសមាគមអតីតយុទ្ឋជន នោះហើយជាការបង្កបង្កើនផលនៅលើដីរបស់យើងពិតៗ»។
សមាគមអតីតយុទ្ឋជនកម្ពុជារាជធានី បានបង្កើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៧ បើគិតមកដល់ពេលនេះ មានរយៈពេល ១៣ឆ្នាំកន្លងមកហើយ និងមានសមាជិកសរុប ចំនួន ៩.៣១៨នាក់។ គោលការណ៍បង្កើតសមាគមនេះ គឺជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា ដែលជាសេនាធិការផ្ទាល់ ដើម្បីជួយសម្រាលបន្ទុកលំបាកនានារបស់អតីតយុទ្ឋជន និងគ្រួសារ។
លោកស្រី មុំ ចាន់ដានី បានថ្លែងថា ក្រុមការងារដឹកនាំក្រុមគ្រួសារសមាជិកអតីតយុទ្ឋជនធ្វើដំណើរទៅទទួលផ្ទះនៅខេត្តឧត្តរមានជ័យ ឲ្យបានមុនថ្ងៃប្រារព្ឋពិធីប្រគល់-ទទួល នៅថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា មុនឈានដល់សម្រេចលទ្ឋផលខាងលើនេះ ខាងក្រុមការងារមន្ទីរសង្គមកិច្ច បានចុះទៅពិនិត្យ និងរៀបចំដោយផ្ទាល់ជាច្រើនលើកមកហើយ។
ក្នុងនោះ លទ្ធផលសម្រេចបានផ្ទះចំនួន១០១ខ្នងផ្ទះ បានសង់រួចរាល់ជាស្ថាពរ រួមមាន៖
១៖ ផ្ទះឈើជញ្ជាំងក្តារ ដំបូលប្រក់ប៉័ងសី ចំនួន៦៥ខ្នងផ្ទះ។
២៖ ផ្ទះឈើជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីចំនួន៣៦ខ្នងផ្ទះ។
៣៖ មានការដាំកូនដើមស្វាយ ចំនួន២០ដើម/១ខ្នងផ្ទះ។
៤៖ មានជីកស្រះទឹក និងមានទឹក មានផ្ទៃក្រឡាទំហំដី១ហិកតា៕