(ភ្នំពេញ)៖ លោក ប៉ែន នរៈវុធ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះ ប.ស.ស គ្រោងនឹងដាក់ឱ្យដំណើរការ របបប្រាក់សោធសម្រាប់បុគ្គលទាំងឡាយដែល ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះនៅកម្ពុជា ឱ្យមានប្រាក់សោធនដូចមន្ត្រីដែរ ដើម្បីជាការជួយសម្រាលបន្ទុកដល់និយោជិតនៅពេលចាស់ជរា ខ្វះលទ្ធភាពស្វែងរកប្រាក់ចំណូល។
លោក ប៉ែន នរៈវុធ បានថ្លែងបែបនេះនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការដាក់ ឱ្យដំណើរការ «របបសន្តិ សុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការ តាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ» នៅសណ្ឋាគារតារាអ៊ែរផត។
លោក ប៉ែន នរៈវុធ បានបញ្ជាក់ថា កន្លងមក ប.ស.ស បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងថែទាំសុខភាពរួមមកហើយ របបទាំង២នេះ ក៏បានជួយសម្រួលបន្ទុកយ៉ាងច្រើនដល់ និយោជិតនៃវិស័យឯកជន ក៏ដូចជាមន្ត្រីរាជការនៅពេលជួយប្រទះនូវហានិភ័យផ្សេងៗ ដែលកើតឡើងជាយថា ហេតុកន្លងមក ហើយនៅឆ្នាំ២០២០ខាងមុខនេះ ប.ស.ស និងបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើងមួយទៀត ដើម្បីការពារហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា និងខ្វះលទ្ធភាពរកប្រាក់ចំណូល។
នាយករងបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ទៀតថា ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះប្រជាជន ដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នាទៅវិញទៅមក ដែលធ្វើឲ្យបន្ទុកចំណាយ ក្នុងគ្រួសារកាន់តែមានការកើនឡើង ជាហេតុធ្វើឱ្យជីវភាពគ្រួសារនៃប្រជាជនកម្ពុជាកាន់តែឆ្លាក់ចុះ។
លោក ប៉ែន នរៈវុធ បានឱ្យដឹងទៀតថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ គោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ពិតជាមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជាក៏ត្រូវបានយកចិត្តទុកដាក់ និងជំរុញឱ្យមានការកែលម្អ កាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅដល់ការជំរុញការការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករនិយោជិត។
គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានច្បាប់ស្តីពី របបសន្តិសុខសង្គម (ថ្មី) ដែលរួមមាន ១១ជំពូក និង ១០៧មាត្រា ដោយបានប្បញ្ញត្តិអំពីតួនាទី ភារកិច្ចច្បាស់លាស់របស់និយ័តករ សន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស និងក្រុមប្រឹក្សាធនាភិបាល ដែលជាអង្គភាព វិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោលការណ៍ទូទៅនៃរបបសន្តិសុខសង្គម រួមមាន៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។
យោងតាមរបាយការណ៍ នៃការសិក្សាស្រាវជ្រាវមួយ របស់អង្គការអន្តរជាតិខាងការងារ (ILO) បានចង្អុលបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជា ៦.៥ភាគរយ ដែលមានអាយុលើសពី ៦០ឆ្នាំ។ ទិន្នន័យក្នុងពេលបច្ចុប្បន្ននេះ ក្រុមប្រជាជនអាយុចាប់ពី ០-១៤ ឆ្នាំ មានចំនួន៥លាននាក់ ក្រុមប្រជាជនអាយុចាប់ពី១៥-៥៤ឆ្នាំ មានចំនួនជាង ៩លាននាក់ និងក្រុមប្រជាជនអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ មានចំនួនជាង ១លាននាក់ សមាមាត្រនេះត្រូវបានរំពឹងថា នឹងមានការកើនឡើងប្រមាណ ២៤ភាគរយ ប្រហែលជាជាង ៧លាននាក់ នាឆ្នាំ២០៦៨ ក្នុងរយៈពេល៥០ឆ្នាំខាងមុខ៕