(ភ្នំពេញ)៖ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី «ខេមរា» ក្នុងភូមិស្នោរខាងលិច សង្កាត់ស្នោរ ខណ្ឌកំបូល តម្លៃជាង ៣ពាន់ដុល្លារ រួមមាន៖ ម៉ូតូ១គ្រឿង គ្រឿងអលង្ការ និងលុយមួយចំនួនទៀតនោះ ត្រូវបានក្រុមចោរចូលទៅលួចគាស់យក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីម្សិលមិញ ប្រជាពលរដ្ឋបាននិយាយថា ផ្ទះដែលក្រុមចោរចូលគាស់នោះស្ថិតនៅក្នុងបុរី «គីម ប៉ូស្នោរ» ប៉ុន្តែតាមការពិត និងតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ក្រោយចុះសួរនាំនោះ ទើបដឹងថា មិនមែននៅក្នុងបុរី គីម ប៉ូស្នោរ នោះឡើយ គឺនៅក្នុងបុរី ខេមរា ដែលមានទីតាំងស្ថិតនៅខាងក្រោយបុរី គីម ប៉ូស្នោរ។
បើតាមជនរងគ្រោះ ក្រុមចោរបានធ្វើសកម្មភាពគាស់ទ្វារក្រោយចូលួចទ្រព្យសម្បត្តិជាបន្តបន្ទាប់ ក្នុងពេលកន្លងមក ព្រោះតែផ្ទះល្វែងនេះធ្វើទ្វារគ្មានស្តង់ដារ និងគ្មានកម្លាំងសន្តិសុខ យាមកាមត្រឹមត្រូវដូចផ្ទះល្វែងផ្សងៗទៀត។
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មេប៉ុស្តិ៍សង្កាត់ស្នោរ បានបញ្ជាក់ថា ផ្ទះដែលត្រូវចោរគាស់កាលពីវេលាម៉ោង ២៖៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចោរបានលួចយកម៉ូតូ ១គ្រឿង គ្រឿងអលង្ការមួយចំនួន រួមទាំងប្រាក់រៀល និងលុយដុល្លារសរុបជាង ៣ពាន់ដុល្លារទៀត រួចបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ម្ចាស់ផ្ទះរងគ្រោះខាងលើនោះឈ្មោះ ពេជ្រ ធីម ភេទប្រុស អាយុ៣៣ឆ្នាំ។
ផ្ទះល្វែងមានយីហោ «ខេមរា» មិនមែនជាផ្ទះល្វែង «គីម ប៉ូស្នោរ» នោះទេ ដែលក្រុមចោរចូលលួច។ ការយល់ច្រឡំនេះព្រោះផ្ទះល្វែងទាំង ២ម្ចាស់ខាងលើនោះ គឺស្ថិតនៅទីតាំងជាមួយគ្នា។ ផ្ទះល្វែង « ខេមរា» នៅខាងជួរខាងក្រោយដែលត្រូវចោរចូលគាស់ និងផ្ទះល្វែង «គីមប៉ូស្នោរ» នៅជួរពីខាងមុខ។ នេះជាការបញ្ជាក់របស់សមត្ថកិច្ចបន្ថែម។
តំណាងបុរី គីម ប៉ូស្នោរ បានបញ្ជាក់ផងដែរថា នៅក្នុងបុរីរបស់ខ្លួនមានក្រុមសន្តិសុខយាមកាមត្រឹមត្រូវ និងមិនដែលមានហេតុការណ៍ចោរចូលលួចយកទ្រព្យសម្បត្តិនោះឡើយ៕