(សៀមរាប)៖ ពិព័រណ៌ផលិតផលបន្លែ និងផ្លែឈើខ្មែរលើកទី១២ និងព្រឹត្តិការណ៍សូត្រខ្មែរ លើកទី២ ឆ្នាំ២០១៩ បានរៀបចំនៅសួនច្បារ ព្រះរាជដំណាក់ ក្រុងសៀមរាប នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលបានរៀបចំនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានការតាំងពិព័រណ៌ និងលក់ផលិតផលបន្លែ, ផ្លែឈើ, សូត្រខ្មែរ និងផលិតផលមួយចំនួនទៀត ផងដែរ។
ពិធីនេះស្ថិតក្នុងវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា, លោក Patrick Devedjian ប្រធានក្រុមប្រឹក្សាខត្តអូឌឺសែន ប្រទេសបារាំង, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, និងវត្តមានអស់លោក លោកស្រី អ្នកនាង កញ្ញា ដែលអញ្ជើញមកពីអង្គភាព ស្ថាប័នរដ្ឋ អាជ្ញាធរដែនដី, អង្គការជាតិ-អន្តរជាតិ, សហគមន៍, កសិករ, ក្រុមហ៊ុន, ប្រតិបត្តិករទេសចរណ៍, និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៣០០នាក់ ។
លោក Patrick បានបន្តថា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តយើងទាំងពីរ តាំងពីរឆ្នាំ២០១៣មក ខេត្តអូដឺសែន បានគាំទ្រ ដល់វិស័យក្សេត្រកសិកម្ម និងជាលក្ខណៈគ្រួសារនៅខេត្តសៀមរាប ដែលអនុវត្តការងារដោយអង្គការ អាគ្រីស៊ូត អន្តរជាតិ (Agrisud International) និងអង្គការ GRET។ ក្នុងគម្រោងនេះ ខេត្តអូដឺសែន បានផ្ដល់ថវិកាជាង ៥លានអឺរ៉ូ ផងដែរ។
លោក ម៉ៅ ថូរ៉ា បានឱ្យដឹង នៅពេលបើកពិព័ណ៌នេះថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំយុទ្ធនាការទិញផលិតផលខ្មែរ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម។ ម៉្យាងទៀត យុទ្ធនាការនេះ ក៏ជាការពញ្ញាក់ស្មារតីប្រជាពលរដ្ឋកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយ កសិករ ផលិតករកម្ពុជា នៅតាមមូលដ្ឋាន ជំនួសឱ្យទំនិញនាំចូលពីក្រៅប្រទេស។
លោក ក៏បានធ្វើការក្រើនរំលឹក ដល់បងប្អូនប្រជាកសិករ ផលិតករទាំងអស់ ត្រូវមានការសិក្សាស្វែងយល់ រាល់ការប្រើប្រាស់សារធាតុគីមី ទៅលើផលិតផលរបស់ខ្លួន ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាអ្នកផលិត ព្រមទាំងគ្មានអនាម័យ, គ្មានគុណភាព និងគ្មានច្បាប់ទៀតផង។ ដោយកត្តានៃកង្វះបច្ចេកទេសក្នុងការផលិតនេះ ហើយ ដែលធ្វើឱ្យអតិថិជន មានការភ័យខ្លាចនូវផលិតផលក្នុងស្រុករបស់ខ្លួន បែទៅប្រើប្រាស់របស់បរទេសទៅវិញ។
ដើមី្បរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណា ជម្រុញពួកគាត់ផលិតទំនិញ និងសេវា ដែលមានគុណភាព សុវត្ថិភាព អនាម័យល្អ មានតម្លៃសមរម្យ ដើមី្បជាទីទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ ជាសំខាន់នោះ ចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូល ដែលកំពុងធ្វើចរាចរនៅតាមទីផ្សារកម្ពុជា ខណៈដែលកម្ពុជាកំពុង អនុវត្តរបបទីផ្សារសេរី។
លោកក៏បានលើកផងដែរថា ព្រឹត្តិការណ៍ពិព័រណ៌នេះ គឺបានជួយផ្សព្វផ្សាយដល់មហាជនទូទៅ ឱ្យបានស្គាល់ពីផលិតផលខ្មែរប៉ុណ្ណោះទេ គឺនឹងជួយដល់ផលិតករ នៅតាមសហគមន៍ មានលទ្ធភាពពង្រីកសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានភាពរីកចម្រើន និងមានលទ្ធភាពពេញលេញ ធ្វើជាអ្នកផ្គត់ផ្គង់ដ៏រឹងមាំជូនដល់ដៃគូរ ជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីផ្សារទំនើប ដែលកំពុងត្រូវការចាំបាច់ នូវផលិតផលរបស់បងប្អូន ដែលផលិតបាន ហើយក៏ជាការជម្រុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យកាន់តែមានលក្ខណៈរស់រវើក សម្បូរបែប និងច្រើនកន្លែងក្នុងក្របខណ្ឌទូទាំងប្រទេសទៀតផង។
ក្នុងពិធីនេះដែរ ក៏មានធ្វើការចុះហត្ថលេខា លើកិច្ចសន្យាក្នុងការផ្គត់ផ្គង់បន្លែ ផ្លែឈើខ្មែរ របស់ផលិតករ និងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងផ្សារទំនើប ព្រមទាំងមានការប្រគល់ពានរង្វាន់ បណ្ណសរសើរដល់អ្នកច្នៃម៉ូតគោមហូល និងកសិករគំរូ ព្រមទាំងពាណិជ្ជករឆ្នើមផងដែរ៕