(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចេញសេចក្ដីណែនាំមួយ ដើម្បីចូលរួមទប់ស្កាត់ការខ្វះខាតទឹកប្រើប្រាស់ នៅក្នុងឆ្នាំ២០១៩នេះ ខណៈអាកាសធាតុកំពុងមានការប្រែប្រួល ដោយឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ពីបាតុភូតអែលនីណូ ដែលនឹងធ្វើឲ្យកម្ពុជា និងបណ្ដាលប្រទេសក្នុងតំបន់ ទទួលរងអាកាសធាតុក្ដៅហួតហែងខ្លាំង។
ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ សូមណែនាំទាំង៤ចំណុចដល់ស្ថាប័នជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ការខ្វះខាតទឹកប្រើប្រាស់ មានដូចជា៖
១៖ ត្រូវចុះពិនិត្យមើល អណ្ដូង ស្រះទឹក និងរកវិធីដោះស្រាយជាបន្ទាន់ នៅពេល អណ្ដូងខូច និងស្រះទឹករីងស្ងួត។
២៖ ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់ នៅតាមតំបន់ដែលងាយរងគ្រោះ ដោយសារខ្វះខាតទឹកឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃ។
៣៖ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្ដរជាតិ ដើម្បីឆ្លើយតបភ្លាមៗ ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
៤៖ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់៕