(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានមានបន្ទូលអំពាវនាវដល់សមាជិកគណបក្សរបស់ទ្រង់ទាំងអស់ ត្រូវរួបរួមគ្នាឡើងវិញដើម្បីជាតិ និងរបបរាជានិយម ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច មានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែការបែកបាក់គ្នា និងគិតតែផលប្រយោជន៍រៀងៗខ្លួន។
នៅក្នុងពិធីសំណេះសំណាលសោយ និងពិសារអាហារសាមគ្គីរួមគ្នាជាលើកដំបូង ជាមួយសហជីវិន សហជីវិនី របស់គណបក្សហ៊្វុនស៊ិនប៉ិច មកពីគ្រប់រាជធានី-ខេត្ត បន្ទាប់ពីព្រះអង្គបានធ្វើជាប្រធានស្តីទីរបស់គណបក្ស នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅដំណាក់វាលស្បូវ រាជធានីភ្នំពេញ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានមានបន្ទូលថា ការបែកបាក់សាមគ្គីគ្នា និងធ្វើឱ្យគណបក្សគ្មានការគាំទ្រ ហើយក្នុងនាមព្រះអង្គ ជាប្រធានស្តីទី របស់គណបក្សព្រះអង្គ សូមធ្វើការអំពាវនាវដល់សហជីវិន សហជីវិនីទាំងអស់ ត្រូវរួបរួមគ្នាឡើងវិញ ដើម្បីជាតិសាសនា ព្រះមហាក្សត្រ និងដើម្បីរបបរាជានិយម សីហនុនិយម ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានមានបន្ទូលប្រាប់ដល់សហជីវិន សហជីវិនីទាំងអស់ ត្រូវតែខិតខំធ្វើយ៉ាងណាឱ្យគណបក្សហ៊្វុនស៊ិនប៉ិច មានការគាំទ្រ និងជឿទុកចិត្តពីប្រជាពលរដ្ឋឡើងវិញ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះរាជបុត្រច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ត្រូវបានសម្តេចក្រុមព្រះ សម្រេចចាត់តាំងជាប្រធានស្តីទី នៃគណបក្ស ហ៊្វុនស៊ិនប៉ិច កាលពីខែសីហា ឆ្នាំ២០១៨ ខណៈដែលព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កំពុងមានព្រះរោគ។
នៅក្នុងកិច្ចជំនួបសំណេះសំណាលសោយ និងពិសារអាហារជាមួយសហជីវិន សហជីវិនី នៅគ្រប់រាជធានី-ខេត្តនេះ គឺជាលើកទីមួយ បន្ទាប់ពីព្រះអង្គទទួលបានជាប្រធានស្តីទីគណបក្ស ហើយនៅក្នុងពិធីនេះក្រុមការងារគណបក្ស បានប្ដេជ្ញាដង្ហែតាមព្រះអង្គផងដែរ ដើម្បីជាតិរបបរាជានិយម៕