(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិ លើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ជីវភាពរបស់កសិករ ហើយបានឆ្លុះបញ្ចាំងពីសក្តានុពលនៃធនធាន មនុស្សសម្រាប់អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម ធានាបាននូវការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ដ្រី បន្ដថា ពិតណាស់ថា គោលដៅនេះ អាចឈានទៅសម្រេចបាន ល្គឹកណាប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា នាពេលអនាគត។
លោកថា ក្នុងន័យនេះ ក្រសួងកសិកម្ម ដែលមានវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែង បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធាន មនុស្សគ្រប់កម្រិតបម្រើឲ្យវិស័យកសិកម្ម និងអន្តរវិស័យពាក់ព័ន្ធផ្សេងៗទៀត ដើម្បីជួយគាំទ្រ និងជំរុញវិស័យទាំងនោះ ឲ្យមានការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។
លោបន្ដទៀតថា ជាសក្ខីភាព ថ្ងៃនេះ មានការជួបជុំអ្នកវិទ្យាសាស្រ្តកសិកម្មគ្រប់វ័យ មកពីគ្រប់គ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញអំពីមូលធនមនុស្សកម្ពុជា គឺពិតជាមាន ចំណេះដឹងទូលំទូលាយ ច្នៃប្រឌិត និងមានជំនាញ ច្បាស់លាស់ ដែលរាជរដ្ឋាភិបាលចាត់ទុកជា អាទិភាព និងជាកូនសោសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាពការងារ ធានាបាននូវភាពជោគជ័យនៃដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងការលូតលាស់ នៃបច្ចេកវិទ្យាកសិកម្ម នាពេលបច្ចុប្បន្ននេះ។
ម៉្យាងវិញទៀត ព្រឹត្តិការណ៍នេះ បានចូលរួមលើកកម្ពស់គុណភាពបណ្តុះបណ្តាល សមត្ថភាពស្រាវជ្រាវ ការបង្កើនសមត្ថភាពសាស្ត្រាចារ្យ សំដៅទៅនឹងការអនុវត្តកសិកម្ម ប្រកបដោយភាពវៃឆ្លាត ឆ្លើយតបទៅតាមការវិវឌ្ឍនៃតម្រូវការទីផ្សារ។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រីកសិកម្ម។
ដើម្បីធានាឲ្យដំណើរការនៃអង្គសន្និសីទវិទ្យាសាស្រ្តនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាឆ្លើយតប ទៅនឹងមុំទី១ ស្តីពីការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលមានចែង ក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា លោករដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ទាក់ទងនឹងប្រធានបទខាងលើ ជូនសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកវិទ្យាសាស្រ្តគ្រប់វ័យ ធ្វើយ៉ាងណាពង្រឹង និងពង្រីកការអភិវឌ្ឍ ធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ទេពកោសល្យ គុណភាព សមត្ថភាព និងសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាល ហើយត្រូវរួមគ្នាដើរឲ្យទាន់ទៅនឹងបរិបទនៃសកលភាវូបនីយកម្ម មានជាអាទិ៍៖
ទី១៖ ត្រូវពង្រឹងជំនាញបច្ចេកវិទ្យាជំនាញឌីជីថល នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនីមួយៗប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ទី២៖ ត្រូវខិតខំបន្តការធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា ឲ្យបានកាន់តែល្អប្រសើរជាងមុន ដូចជាកម្មវិធីសិក្សា មធ្យោបាយសម្ភារបង្រៀន និងឯកសារឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍នានា ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ សម័យបច្ចេកវិទ្យាឌីជីថល និងសម័យបញ្ញាសិប្បនិម្មិត។
ទី៣៖ ពង្រឹង និងពង្រីកកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ តាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍ ឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សា ការផ្លាស់ប្តូរបច្ចេកទេសវិទ្យាសាស្ត្រ សាស្រ្តាចារ្យ និស្សិត និងការស្រាវជ្រាវ។
ទី៤៖ និស្សិតទាំងអស់ត្រូវខិតខំពង្រឹងវិន័យសិក្សា ស្វះស្វែងរៀនសូត្រ សិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗ តាមប្រព័ន្ធព័ត៌មានវិទ្យាបន្ថែម លើទ្រឹស្ដីដែលបានសិក្សាកន្លងមក៕