(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ពាក់ព័ន្ធនឹងចំណាត់ការរបស់តុលាការ ចំពោះជនសង្ស័យដែលជាចោរឆក់ «តាំង សារ៉ារិទ្ធិ» បន្ទាប់ពីមានការរិះគន់ពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមចោទថា «ចោរឆក់ជាង២០លើកតែជាប់ពន្ធនាគារតែ១ខែ»។
ក្នុងសេចក្តីបំភ្លឺរបស់ខ្លួន អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយឃ្លឹបវីដេអូចោទប្រកាន់នោះ និងមានកិត្តិយសជម្រាបជូនសាធារណជន មេត្តាជ្រាបពីអង្គហេតុដូចតទៅ៖
«កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានជនជាប់ចោទឈ្មោះ តាំង សារ៉ារិទ្ធិ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្ងៃខែឆ្នាំកំណើត ២៤-០៤-២០០៣ ពីបទ «លួច និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំនុចផ្លូវរថភ្លើង មុំត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន ព្រមទាំងបានដកហូតអាវុធខ្លីចំនួន ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ (បាញ់គ្រាប់បាដាង)។
ក្រោយពីបើកការស៊ើបសួរលើអង្គហេតុខាងលើ និងផ្អែកលើរបាយការណ៍សំយោគរបស់មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ចោទប្រកាន់លើជនសង្ស័យឈ្មោះ តាំង សារ៉ារិទ្ធិ (ឃាត់ខ្លួន) ពីបទ «លួច និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» និងបានបញ្ជូន ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទនៅមណ្ឌលអប់រំកែប្រែទី២។ បន្ទាប់មកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ មេធាវីការពារសិទ្ធិឲ្យជនត្រូវចោទជាអនីតិជនឈ្មោះ តាំង សារ៉ារិទ្ធិ បានដាក់ពាក្យសុំធានាកូនក្តីរបស់ខ្លួន នៅក្រៅឃុំជាបណ្តោះអាសន្ន។
ចៅក្រមស៊ើបសួរ បានពិនិត្យលើពាក្យសុំរបស់មេធាវី ដែលស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងដើម្បីការពារ ឧត្តមប្រយោជន៍ និងសិទ្ធិជាមូលដ្ឋានជនជាប់ចោទ ជាអនីតិជនដែលកំពុងសិក្សា ស្របតាមច្បាប់ ស្តីពីយុត្តិធម៍អទីតិជន ចៅក្រមស៊ើបសួរបានសម្រេចឲ្យជន ត្រូវចោទបានទៅក្រៅឃុំបណ្តោះអាសន្ន ស្របតាមមាត្រា៦១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌនិងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។
តាមបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ ទោសសម្រាប់អនុវត្តចំពោះអនីតិជនក្នុងបទល្មើសខាងលើ ត្រូវបានកំណត់ឲ្យផ្តន្ទាទោសពី៣ខែ ទៅ១៨ខែ ហើយការឃុំខ្លួនបណ្តោះអាសន្នអាចឃុំ បានរយៈពេល ៦សប្តាហ៍តែប៉ុណ្ណោះ។
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌ លេខ ៨៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានសម្រេចចេញសាលក្រមលេខ ៧៥៣ ក្រ២ (ឍ) ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ តាំង សារ៉ារិទ្ធិ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ (មួយឆ្នាំ) ទោសនេះព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន២.០០០.០០០ (ពីរលាន) រៀលពីបទ «លួច និងកាន់កាប់អាវុធខុសច្បាប់» តាមបញ្ញត្តិមាត្រា ៣៥៣, ៣៥៦, ៤៩០, ១៦០ និង១០៧ នៃក្រមព្រហ្មទណ្ឌ។
ចំពោះចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្អែកលើភស្តុតាងច្បាស់លាស់ និងច្បាប់ជាធរមាន ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទីមួយៗ។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួល និងកំពុងចំណាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨១៣ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានជនត្រូវចោទឈ្មោះ តាំង សារ៉ារិទ្ធិ ភេទប្រុស កំពុងត្រូវឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឲ្យឃុំលេខ ១២៩៧៧ «ធ» ដ.ឃ.ដ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមណ្ឌលអប់រំកែប្រែទី២ ដោយជាប់ចោទពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖