(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង បានបន្ដបង្ហោះសារ ត្រៀមទៅចូលរួមក្នុងពិធីជួបសំណេះសំណាលរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយពលករដែលកំពុងបម្រើការងារនៅទីនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។
ក្រុមពលករទាំងអស់នោះ បានអះអាងទៀតថា ពួកគាត់ពិតជាមានក្ដីរំភើបរីករាយឥតឧបមា ចំពោះសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ដែលបានផ្ដល់កិត្តិយសដល់ពួកគាត់។ ពលករខ្មែរ ក៏មិនភ្លេចអំពាវនាវដល់ពលករខ្មែរផ្សេងទៀត កុំភ្លេចអញ្ជើញចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករ។
គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះ៕