(ភ្នំពេញ)៖ ប្រធានគណៈកម្មការស្រី្ត និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកស្រីបណ្ឌិត កុយ ពិសី បានជំរុញឱ្យកីឡាការិនីខ្មែរ ខិតខំហ្វឹកហាត់ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមយកជ័យជំនះ ក្នុងការប្រកួត Sea Games ដែលប្រារព្ធឡើង នៅប្រទេសហ្វីលីពីន ខាងមុខនេះ។
ការលើកឡើងរបស់ ប្រធានគណៈកម្មការស្រី្ត និងកីឡារូបនេះ បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីសមភាពស្រ្តី ក្នុងវិស័យកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា ដើម្បីពង្រឹងសមត្ថភាពដល់ស្រ្តីដែលជាកីឡាករនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកស្រីបណ្ឌិត កុយ ពិសី ដោយមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិតសាស្ត្រាចារ្យ ស៊ូភីត សាម៉ាហ៉ីតូ ប្រធានគណៈកម្មការស្រ្តី និងកីឡា នៃក្រុមប្រឹក្សាអូរឡាពិកអាស៊ី មកពីប្រទេសថៃ។
នៅក្នុងពិធីបើកសិក្ខាសាលានោះ លោកស្រី កុយ ពិសី បានជំរុញឲ្យស្រ្តីចូលរួមលេងកីឡា និងហាត់ប្រាណ ឲ្យបានផុសផុល ព្រោះថាកីឡានាំមកនូវសុខភាព សុខមាលភាពក្នុងក្រុមគ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនោះដែរ លោកស្រី បានជំរុញឲ្យកីឡាការីនី ដែលត្រៀមចូលរួមប្រកួត Sea Games នាពេលខាងមុខ ថែរក្សាសុខភាពឲ្យបានល្អ ត្រូវគិតគូដល់ចំណីអាហារ និងរក្សាកម្លាំងជាចាំបាច់ ដើម្បីយកជ័យជំនះ ដោយនាំយកកេរ្តិ៍ឈ្មោះកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែល្បីរន្ទឺបន្ថែមទៀត។
សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។ ចំពោះបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០នេះ កម្ពុជាបានត្រៀមបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបប្រមាណ ៤០០នាក់ លើ ៣០ប្រភេទកីឡា ទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងនោះមានដូចជាកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី៕