(ភ្នំពេញ)៖ លោក Rene Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស ក្នុងឱកាសជួបសំណេះសំណាលជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវភាពរីករាយ និងថ្លែងនូវការកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជន ជាពិសេសកុមារកម្ពុជា តាមរយៈការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្ម ដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង០៥ទីតាំង។
ជំនួបរវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និង លោក Rene Schwarzenbach ក្នុងឱកាសអញ្ជើញការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់សង្គ្រោះទារក និងកុមារ ដែលស្ថិតនៅជាន់ទី១ នៃអគារគន្ធបុប្ផា-សីហមុនី មុនីនាថ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលមូលនិធិគន្ធបុប្ផាកម្ពុជា បានរួមចំណែកបំពាក់ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដែលគិតជាថវិកាសរុបចំនួន ១,០០០,០០០ដុល្លារអាមេរិក។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាលជាមួយ លោក Rene Schwarzenbach ប្រធានមូលនិធិគន្ធបុប្ផាស្វីស និងបានលើកបញ្ជាក់អំពីការតាំងចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងកិច្ចសហការរបស់រដ្ឋាភិបាលប្រទេសស្វីស និងមូលនិធិគន្ធបុប្ផាស្វីស នាពេលកន្លង និងជាពិសេស គុណបំណាច់របស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner ចំពោះការលះបង់កំលាំងកាយចិត្ត ដើម្បីកុមារកម្ពុជា។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ព្រមទាំងលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យ ក៏ដូចជាបុគ្គលិករបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីពិនិត្យ និងព្យាបាលជំងឺដល់កុមារ យ៉ាងអស់ពីសមត្ថភាព និងដោយឥតគិតថ្លៃ ដែលកិច្ចខិតខំនេះ គឺជាការចូលរួមចំណែកដ៏ប្រពៃ ក្នុងការលើកកម្ពស់សុខុមាលភាពកុមាកម្ពុជា។
លោក Rene Schwarzenbach បានលើកឡើងផងដែរថា ក្តីស្រមៃរបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យ Beat Richner គឺលោកចង់បាននូវសាមគ្គីភាព និងការចូលរួមចំណែករបស់ប្រជាជនកម្ពុជា។ ក្តីស្រមៃនេះ បាននិងកំពុងបន្តកើតមានតាមរយៈការបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានគោលដៅមិនត្រឹមតែកៀរគរ ប្រភពមូលនិធិសប្បុរសធម៌ សម្រាប់ជួយកុមារកម្ពុជានោះទេ តែថែមទាំងបាន និងកំពុងបន្តសាបព្រួស និងបណ្តុះស្មារតី ខ្មែរជួយខ្មែរ កាន់តែធំឡើងៗ។
លោក Rene Schwarzenbach ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែករបស់ មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ជាពិសេស ការរួមចំណែកសម្រាប់ការចំណាយយ៉ាងគំហុគនាពេលមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមកុមារ នៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលមូលនិធិគន្ធបុប្ផាកម្ពុជា បានចូលរួមចំណែកជាថវិកាគាំទ្រចំនួនប្រមាណ ២,០០០,០០០ដុល្លារអាមេរិក បន្ថែមលើការរួមចំណែកសំខាន់ៗជាច្រើនទៀត។
ជាមួយគ្នានឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបន្ទប់សង្គ្រោះទារក និងកុមារនេះ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានប្រគល់ជូនថវិកាចំនួន៨៣៦,១៣៨ដុល្លារអាមេរិក ដែលបានមកពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់អង្គរប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីពេទ្យផងដែរ៕