(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បង្ហាញនូវក្តីរំពឹងជឿជាក់ថា នៅឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលចំណូលពន្ធ សម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្ត សម្រាប់រាជរដ្ឋាភិបាល។
ការបង្ហាញជំនឿចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ១០ខែឆ្នាំ ២០១៩នេះ សម្រេចបាន១០៥.០៦% នៃផែនការច្បាប់។ បានសេចក្តីថា នៅរយៈពេល១០ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ លើសផែនការពេញមួយឆ្នាំ ៥.០៦% ខណៈសល់រយៈពេល នៃការប្រមូលចំណូល២ខែទៀត។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីជំនួបជាមួយវិស័យឯកជន ធុរៈជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអឺរ៉ុប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដកស្រង់សំដីរបស់លោក គង់ វិបុល យ៉ាងដូច្នេះថា «តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ១០ខែ ឆ្នាំ២០១៩នេះ សម្រេចបាន១០៥.០៦% នៃផែនការច្បាប់ ក្នុងន័យនេះ តាមការរំពឹងទុក អគ្គនាយកដ្ឋានពន្ធដារ នឹងអាចសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្ត សម្រាប់រាជរដ្ឋាភិបាល»។
រយៈពេល១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន៩,៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ២,៤០៤.២១ លានដុល្លារអាមេរិក កើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៩-២០២៣ គ្គនាយកដ្ឋានពន្ធដារ នឹងបន្តកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួន ក្នុងន័យធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅ នៃការប្រមូលចំណូលកំណត់ដោយច្បាប់ត្រូវ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាចក្ខុវិស័យរួម គឺនឹងកែប្រែរដ្ឋបាលសារពើពន្ធឱ្យ ទៅជារដ្ឋបាលសារពើពន្ធឌីជីថលមួយ ដែលផ្តល់នូវ E-Tax Service ល្អប្រសើរ និងងាយស្រួលសម្រាប់អ្នកជាប់ពន្ធ។
លោកបន្ថែមទៀតថា គិតត្រឹមពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍនូវប្រព័ន្ធនិងកម្មវិធីចំនួន៧១ ដែលក្នុងនោះ មានប្រព័ន្ធ E-VAT និង E-FILING។ តាមការគ្រោងទុក ក្នុងខែមករា ឆ្នាំ២០២០ នឹងដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) នឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងៗតាមប្រព័ន្ធអនឡាញ។
ប្រព័ន្ធនេះនឹងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ។ ចំពោះ វិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី នឹងកំណត់ឱ្យបានច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធិភាព និងតម្លាភាពក្នុងការប្រមូលពន្ធ-អាករនានា។
លោកបានជំរុញនិងលើទឹកចិត្តដល់សហគ្រាសទាំងអស់ ប្រើប្រាស់នូវប្រព័ន្ទថ្មីៗនេះ ដើម្បីទទួលបាននូវភាពងាយស្រួល ចំណេញពេលវេលា ក៏ដូចជាចូលរួមពង្រឹងអនុលោមភាព សារពើពន្ធទាំងអស់គ្នា ដែលជាការចូលរួមចំណែកក្នុងការការពង្រឹង នូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ អគ្គនាយកដ្ឋានពន្ធដារ ក្នុងការដោះស្រាយយ៉ាងសកម្មរាល់បញ្ហាប្រឈម សំណូមពរនានា ក៏ដូចជាផ្តល់នូវការគាំទ្រដល់វិស័យឯកជន ក្នុងការពង្រឹងនូវការប្រកួតប្រជែង ដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង សមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ ទាំងសហគ្រាសជាអ្នកជាប់ពន្ធធំ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធតូច តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្តក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ។
លោក Frank Viault តំណាងសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារ លើការងារនៃការធ្វើកំណែទម្រង់គោលនយោបាយសារពើពន្ធ និងទំនើបកម្មពន្ធដារ ឈានទៅសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន នៃការពង្រឹងការគ្រប់គ្រងប្រមូលពន្ធផ្ទៃក្នុង ដែលជានិន្នាការក្នុងតំបន់ និងសកលលោក គឺពន្ធផ្ទៃក្នុងនឹងដើរតួនាទីសំខាន់សម្រាប់ទ្រទ្រង់ចំណូលជាតិ៕