(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលបានទៅបម្រើការងារ និងមានក្រុមគ្រួសារជាជនជាតិកូរ៉េ បានប្រកាសពីការត្រៀមខ្លួនដើម្បីទទួលស្វាគមន៍វត្តមាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងគណៈប្រតិភូ ប្រកបដោយក្ដីរីករាយ និងរំភើបជាទីបំផុត។
ពលករខ្មែរទាំងអស់នោះ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឈ្លៀតពេលពីការប្រជុំ ហើយជួបសំណេះសំណាលជាមួយពួកគាត់។ ក្រុមពលករបានចាត់ទុកថា នេះជាវេលាដ៏មានតម្លៃណាស់សម្រាប់ពួកគាត់ ដើម្បីអាចចែករំលែកពីសុខទុក្ខ ក្នុងការរស់នៅក្រៅប្រទេស ជូននាយករដ្ឋមន្ដ្រីរបស់ខ្លួន។
ជាមួយគ្នានេះ ពួកគាត់ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងទាំងអស់ កុំភ្លេចទៅទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ៗគ្នាដើម្បីបង្ហាញអំពីទំហំនៃក្ដីស្រលាញ់។
គួរជម្រាបថា បន្ទាប់ពីដឹងព័ត៌មានថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចុះជួបសួរសុខទុក្ខដោយផ្ទាល់ចំពោះពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ពលរដ្ឋខ្មែរនៅទីនោះ បាននាំគ្នាបង្ហោះសារ និងវីដេអូពេញបណ្ដាញសង្គម Facebook បង្ហាញនូវក្ដីរំភើបរីករាយចំពោះដំណឹងនេះ៕