Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជួបសំណេះសំណាលជាមួយសហជីវិនី សហជីវិន មកពីរាជធានី-ខេត្ត ខណៈព្រះរាជសុខភាពបានធូរស្រាល

21-11-2019 21:07

(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបសំណេះសំណាលជា មួយសហជីវិនី សហជីវិន ជាងពីររយនាក់ មកពីគ្រប់បណ្តារាជធានីខេត្ត ក្រោយព្រះរោគព្រះអង្គ បានធូរស្រាលជាបន្តបន្ទាប់។

ពិធីជួបជំនួបពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅដំណាក់ព្រះអង្គវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រៅពីមានបន្ទូលសំណេះសំណាលព្រះអង្គក៏បានសោយ និងពិសារអាហារសាមគ្គីរួមគ្នាជាមួយនឹងសហជីវិនី សហជីវិន ផងដែរ។

ខណៈពិធីនេះ ធ្វើឡើងដើម្បីបង្ហាញព្រះភ័ក្ដ្រ របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ព្រះប្រធានស្ដីទី គណបក្សហ្វុនស៊ិនប៉ិច ដល់សហជីវិនី សហជីវិន មកពីតាមរាជធានី-ខេត្តផងដែរ។

ក្នុងឱកាសនេះដែរ ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ បានមានព្រះបន្ទូល អំពាវនាវដល់សហជីវិនី សហជីវិន គណបក្សទាំងអស់ ត្រូវរួបរួមគ្នា សាមគ្គីភាពជាធ្លុងមួយ ឈប់ឈ្លោះប្រកែក ប្រសិនបើសហជីវិនី សហជីវិន នៅតាមបណ្តាខេត្តជួបប្រទះបញ្ហាអ្វីត្រូវទូលថ្វាយដល់ទ្រង់ ដើម្បីទ្រង់រកវិធីដោះស្រាយជូនភ្លាមៗ ជាពិសេសអ្នកគាំទ្រនៅមូលដ្ឋានតែម្តង។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មានបន្ទូលរំលឹកថា កាលពីអតីតកាលគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច គឺជាគ្រួសារដ៏ធំមួយ ដែលកាលណោះគណបក្សទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងនគរ ធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតនៅក្នុងឆ្នាំ១៩៩៣ ក៏ប៉ុន្តែក្រោយៗមកនេះ ផ្ទៃក្នុងគណបក្សបានបាក់បែកគ្នា ទៅបង្កើតគណបក្សផ្សេងៗ ដូច្នេះ ទ្រង់សូមអំពាវនាវដល់អ្នករាជានិយមទាំងអស់ ត្រូវរួបរួមគ្នាធ្វើការជាមួយគ្នា ដើម្បីរបបរាជានិយមនៅកម្ពុជា ឱ្យមានអានុភាពដូចអតីតកាលឡើងវិញ៕