(ភ្នំពេញ)៖ លោក រស់ សុវណ្ណថា អគ្គនាយកក្រុមហ៊ុន ផ្សារណាត់អចលនទ្រព្យ (Estate Xchange) បានលើកឡើងថា បច្ចុប្បន្នសក្ដានុពលលើវិស័យអចលនទ្រព្យ រយៈពេល៥ឆ្នាំងចុងក្រោយនេះ មានការរីកដុះដាលខ្លះមែនទែន ពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម ឃើញថារីកចម្រើនខ្លាំង ចំណែកឯតម្លៃក៏មានការកើនឡើងផងដែរ។
លោក រស់ សុវណ្ណថា បានបន្ដថា ដោយមើលឃើញពីសក្ដានុពល លើវិស័យអចលនទ្រព្យនេះ ទើបក្រុមហ៊ុន Estate Xchange សម្រេចចូលខ្លួនឈរលើទីផ្សារកម្ពុជា ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជន និងដើម្បីចាប់យកឱកាសចូលរួមជាមួយ ក្នុងន័យធ្វើយ៉ាងណាឲ្យការទិញ-លក់ និងការជួញដូរលើវិស័យអចលនទ្រព្យលឿន, ចំណេញ និងស្របច្បាប់។
ការលើកឡើងបែបនេះរបស់លោក រស់ សុវណ្ណថា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី សម្ពោធជាផ្លូវការក្រុមហ៊ុន Estate Xchange និងការចុះហត្ថលេខាព្រមព្រៀង នៃកិច្ចសហការជាដៃគូ យុទ្ធសាស្រ្ដលក់។
លោកបានពន្យល់លម្អិត ពាក់ព័ន្ធនឹងផ្សារណាត់អចលនទ្រព្យកម្ពុជាថា «ផ្សារណាត់អចលនទ្រព្យ ខុសគ្នាពីភ្នាក់ងារ និងក្រុមហ៊ុនអចលនទ្រព្យ ដោយសារក្រុមហ៊ុនអចលនទ្រព្យ ធ្វើការតែជាមួយអ្នកលក់ និងអ្នកទិញប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ផ្សារណាត់វិញគឺមានភាពទូលំទូលាយ ដោយក្នុងផ្សារនេះមាន៣ក្លឹបរួមមាន៖ ក្លឹបអ្នកលក់លំនៅដ្ឋាន, ក្លឹបអ្នកលក់ដីឡូតិ៍ និងក្លឹបអ្នកលក់ខុនដូ ដែលទាំងនេះមានន័យថា ប្រសិនបើក្រុមហ៊ុននោះ ជាក្រុមហ៊ុនលក់ខុនដូពួកគាត់នឹងចូលប្រឡូក ជាមួយផ្សារណាត់ហើយផ្សារនឹងជួយទាំងលក់, ផ្សព្វផ្សាយ និងរកដៃគូរជូនដល់ម្ចាស់គម្រោង»។
លោក រស់ សុវណ្ណថា បានបន្ថែមថា ដូច្នេះផ្សារណាត់ជាប្រភពនៃអចលនទ្រព្យ ភ្ញៀវអាចមករកបាន ហើយប្រសិនបើភ្ញៀវមានបញ្ហាអ្វីមួយ ផ្សារណាត់នឹងដោះស្រាយគ្រប់បញ្ហា។
លោក Jackey Tong អគ្គនាយករងក្រុមហ៊ុន MorganFord Investment ដែលជាក្រុមហ៊ុនដៃគូសហការ បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន MorganFord Investment បានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨ ហើយគិតមកដល់ពេលនេះ មានរយៈពេល១១ឆ្នាំមកហើយ។ ក្នុងនោះក្រុមហ៊ុនបានវនិយោគនៅកម្ពុជា មាន៤គម្រោងហើយ។
លោកថ្លែងបន្ដថា ការសហការមួយនឹងក្រុមហ៊ុន Estate Xchange នឹងទទួលបានជោគជ័យ ព្រមទាំងនឹងផ្ដល់ភាពងាយស្រួល ដល់បងប្អូនពលរដ្ឋកម្ពុជា ក្នុងការមករស់នៅខុនដូវិញ។ ចំណែកឯងតម្លៃគឺមានភាពសមរម្យបំផុត សម្រាប់បងប្អូនប្រជាពលដ្ឋកម្ពុជា៕