(កំពង់ចាម)៖ ខណៈអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និងក្រុមការងារបានចុះពិនិត្យមើលស្ពានកៀនជ្រៃ ក្នុងស្រុកកំពង់សៀម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ ជំនួសមុខប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក អ៊ុន ចាន់ដា ដែលបានពន្លឿនក្នុងការសង់ស្ពានបណ្ដោះអាសន្នឲ្យប្រជាពលរដ្ឋបានធ្វើចរាចរឆ្លងកាត់។
អ្នកស្រី អ៊ា ចាន់ថុល បានឲ្យដឹងថា ក្រោយពេលស្ពានកៀនជ្រៃ ត្រូវបានផ្អាកចរាចរ ដោយសារចាស់ទ្រុឌទ្រោម ហើយត្រូវវាយកម្ទេចចោល និងសាងសង់ស្ពានថ្មី បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិបាកក្នុងការធ្វើចរាចរឆ្លងកាត់។ ប៉ុន្តែក្នុងរយៈពេលខ្លី ដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលខេត្តកំពង់ចាម រួមជាមួយនឹងក្រុមការងារ ទើបបានពន្លឿនក្នុងការសាងសង់ស្ពានបាឡេបណ្ដោះអាសន្ន។
លោកស្រីថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋមានការសប្បាយចិត្តដោយបានស្ពានបណ្ដោះអាសន្នឆ្លងកាត់ សម្រាប់ពួកគាត់ធ្វើដំណើរ ឬនាំទំនិញទៅលក់នៅទីផ្សារក្នុងទីរួមខេត្តកំពង់ចាម ក៏ដូចជាសិស្សានុសិស្សបានឆ្លងកាត់ទៅសាលារៀនផងដែរ។
សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកានេះ អភិបាលខេត្តកំពង់ចាម និងក្រុមការងារ បានចុះពិនិត្យស្ថានភាព ស្ពានបាឡេបណ្ដោះអាសន្ន នៅឃុំគៀនជ្រៃ ដោយផ្ទាល់ដើម្បីធានាបានថាស្ពាននោះអាចឲ្យប្រជាពលរដ្ឋឆ្លងកាត់បានដោយសុវត្ថិភាព៕