(ភ្នំពេញ)៖ លោក Lyu Xinhua ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (Council for Promoting South-South Cooperation) ដែលជាស្ថានប័នមួយស្ថិតក្រោម ក្រសួងការបរទេសចិន បានដឹកនាំប្រធានក្រុមហ៊ុន និងសហគ្រាស មានចំនួន៥៩ មកឈ្វេងយល់ពីសក្តានុពល ក្នុងការរកស៉ីនៅប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីជួបប្រជុំជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងតំណាងសហគ្រាសកម្ពុជា នៅឯទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក Lyu Xinhua បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ខ្ញុំដឹកនាំគណៈប្រតិភូមាន ២៤សហគ្រាស និងមាន ៣៥ប្រធាន ឬក៏អ្នកទទួលបន្ទុកខុសត្រូវរបស់ក្រុមហ៊ុន។ ការមកធ្វើទស្សនកិច្ចនេះផ្តោតសំខាន់ ដើម្បីសិក្សាឈ្វេងយល់ ពីទីផ្សារនៅកម្ពុជា តាមរយៈការវិនិយោគនៅកម្ពុជា»។
លោកបន្តថា ការដឹកនាំក្រុមហ៊ុន និងសហគ្រាសចិន មកប្រទេសកម្ពុជា ក៏ដើម្បីផ្តល់ឱកាស ឬនិយាយដោយសាមញ្ញ ជាការសាងសង់ស្ពានឲ្យសហគ្រាស និងក្រុមហ៊ុនចិនទាំងនោះ អាចមានឱកាសស្គាល់សហគ្រាស និងក្រុមហ៊ុនកម្ពុជា ដើម្បីអាចចាប់ដៃជាមួយគ្នា ក្នុងការបង្កើតឱកាសវិនិយោគជាមួយគ្នា។
បើតាមលោក Lyu Xinhua បានមើលឃើញថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរវាងកម្ពុជា និងចិន។ អត្ថប្រយោជន៍ ដែលលោកលើកឡើងគឺ ក្រៅពីការពង្រឹងចំណងទំនាក់ទំនងវាងប្រទេសទាំងពីរនោះ ប្រទេសកម្ពុជាទទួលបានការរីកចម្រើន ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធយ៉ាងល្អ។
លោកប្រធានរូបនេះ បានថ្លែងថា តាំងពីយូរណាស់មកហើយ សម្រាប់ប្រទេសចិន បានចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសជិតខាងដ៏ជិតស្និត និងដ៏ល្អបំផុត។ បន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានដាក់ចេញរួចហើយ ដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាចំណុចស្នូល របស់គំនិតផ្តួចផ្តើមនេះ ហើយគំនិតផ្តួចផ្តើមនេះ គឺជារឿងសំខាន់បំផុត ដើម្បីសហការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបញ្ជាក់ថា «ខ្ញុំយល់ឃើញថា វាជារឿងត្រេកអរមួយបន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ផ្សារភ្ជាប់នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារួចហើយ គឺមានការប្រួលប្រួលច្រើនបំផុត ដោយហេដ្ឋារចនាសម្ព័ន្ធ មិនថាផ្លូវថ្នល់ មិនថាស្ពាន អ្វីៗទាំងអស់ សំខាន់គឺហេដ្ឋរចនាសម្ព័ន្ធកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងបំផុត»។
លោក Wang Wentian អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានធ្វើការណែនាំអំពីចំណុចសំខាន់ៗ នៃទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា ជាពិសេសស្ថានភាពបច្ចុប្បន្ន នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ដើម្បីស្វាគមន៍សហគ្រាសចិន កាន់តែច្រើនមកវិនិយោគបង្កើតមុខរបរក្នុងប្រទេសកម្ពុជា។ លោកក៏ជំរុញ ឲ្យធ្វើការពិភាក្សាយ៉ាងស៉ីជម្រៅ ស្តីអំពីមជ្ឈដ្ឋានវិនិយោគពាណិជ្ជកម្ម បទពិសោធន៍វិនិយោគ និងឱកាសកិច្ចសហប្រតិបត្តិការ ជាមួយនឹងសហគ្រិន ដែលមានវត្តមាននៅទីនេះ។
សូមបញ្ជាក់ថា សមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រទេសចិន ត្រូវបានបង្កើតឡើងនាខែសីហា ឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា និងវិស័យផ្សេងទៀតរវាងចិន និងប្រទេសដែលកំពុងអភិវឌ្ឍន៍ជាច្រើន។ ក្រោយពីបានបង្កើតសមាគមនេះមក នេះជាដំណើរទស្សនកិច្ចលើទី១៤ ដែលបានរៀបចំជូនសហគ្រិន ហើយគោលដៅនៃទីតាំងមានចំនួន ៣ប្រទេស រួមមានប្រទេសវៀតណាម កម្ពុជា និងហ្វីលីពីន។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត គឺជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ ១០ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០២៣៕