(សៀមរាប)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា សហគមន៍ល្អ និរន្តរភាពទេសចរណ៍ នាំឲ្យកាត់បន្ថយបាននូវភាពក្រីក្រ។
លោកស្រីថ្លែងបែបនេះ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ស្ត្រីសហគមន៍ និងទេសចរណ៍» ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប មានសមាសភាពពាក់ព័ន្ធចូលរួមទាំងក្នុងវិស័យរដ្ឋ-ឯកជន សហគមន៍ទេសចរណ៍ និងនិស្សិតក្នុងខេត្តសរុបប្រមាណជាង ២៥០នាក់។
ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រីរដ្ឋលេខាធិការ បានលើកឡើងទៀតថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងតួនាទីស្ត្រីសហគមន៍ ដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
លោកស្រីថ្លែងថា សហគមន៍ទេសចរណ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូល។ ទេសចរណ៍សហគមន៍ ត្រូវបានចាត់ទុកជាផលិតផលមួយយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពសេវាកម្មទេសចរណ៍ ដែលបានបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី របៀបរបបរស់នៅ ការអភិរក្សវប្បធម៌ និងធនធានធម្មជាតិជាដើម។
ក្នុងន័យនេះ សហគមន៍ទេសចរណ៍ គឺជាទម្រង់មួយនៃវិស័យទេសចរណ៍ ដែលបានផ្តល់សិទ្ធិអំណាចដល់សហគមន៍ ក្នុងការគ្រប់គ្រងនូវកំណើនទេសចរណ៍ សម្រេចបាននូវឧត្តមភាពរបស់សហគមន៍ពាក់ព័ន្ធ នឹងសុខុមាលភាព រួមមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ម្យ៉ាងវិញទៀតសហគមន៍ទេសចរណ៍ គឺជាសកម្មភាពទេសចរណ៍ ដែលសហគមន៍មានសិទ្ធិជាម្ចាស់ក្នុងការប្រតិបត្តិការ និងគ្រប់គ្រង ឬសម្របសម្រួលក្នុងកម្រិតសហគមន៍ ដែលចូលរួមចំណែកដល់សុខុមាលភាព របស់សហគមន៍ តាមរយៈការគាំទ្រដល់ជីវភាពរស់នៅ និងការពារតម្លៃសង្គម-វប្បធម៌ ប្រពៃណី និងធនធានបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក្នុងសកម្មភាពទាំងអស់នេះ ស្រ្តីក៏បានរួមចំណែកធំ និងប្រកបដោយសក្តានុពលក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើនឡើង។
ជាក់ស្តែង ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦,២លាននាក់ ជាមួយទេសចរក្នុងស្រុកប្រមាណ ១១,០៦លាននាក់ ដែលបាននាំចំណូលប្រមាណជាង ៤,៣៧៥លានដុល្លារ និងបានផ្តល់ការងារជូនប្រជាជនដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ផ្សេងទៀត។ ដោយឡែកសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩នេះ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨លាននាក់ កើនឡើងក្នុងអត្រាប្រមាណ១០%។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៦លាននាក់ នៅឆ្នាំ២០១៩នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០។
លោកស្រីបញ្ជាក់ថា «ខណៈដែលវិស័យទេសចរណ៍ពិភពលោក មានកំណើនក្នុងរង្វង់ប្រមាណ ៥%ក្នុងមួយឆ្នាំ វិស័យទេសចរណ៍ និងអេកូទេសចរណ៍សហគមន៍មានកំណើនប្រមាណ ២០%ជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកជាសសរស្តម្ភក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព»៕