(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញលិខិតមួយច្បាប់ ជូនដំណឹងដល់រដ្ឋមន្ត្រីតាមក្រសួង និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ពីការរំកិលឲ្យចូលនិវត្តន៍ដល់អាយុ៦០ឆ្នាំ សម្រាប់មន្ត្រីរាជការស៊ីវិល។
ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅក្រសួងនឹងរក្សាទុកមន្ត្រីរាជការស៊ីវិលដែលមានប្រភេទក្របខណ្ឌ ខ និងគ ឲ្យបម្រើការងារបន្តទៀតរហូតដល់អាយុ៦០ឆ្នាំ។
ក្រសួងបន្តថា ចំពោះមន្ត្រីរាជការស៊ីវិល ប្រភេទក្របខណ្ឌ ខ និងគ ដែលបានរៀបចំឲ្យចូលនិវត្តន៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយទទួលបានការផ្តល់ ជូនប្រាក់ឧបត្តម្ភលើកដំបូងម្តងគត់ ពេលចូលនិវត្តន៍ចំនួន៨ខែនៃបៀវត្សមូលដ្ឋាន ចុងក្រោយរួចរាល់ហើយនោះ ក្រសួងសូមស្នើឲ្យសាមីខ្លួន បង្វែរថវិកាទាំងនោះចូលថវិការដ្ឋវិញ និងនៅបន្តបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួន រហូតដល់អាយុ៦០ឆ្នាំ៕